Saturday, August 23, 2025
Homeព័ត៌មានជាតិអាជ្ញាធរច្រានចោលព័ត៌មានទឹកជន់លិចអាងក្រពើ ក្រុងតាខ្មៅ

អាជ្ញាធរច្រានចោលព័ត៌មានទឹកជន់លិចអាងក្រពើ ក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ ក្រោយពីមានការចែកចាយព័ត៌មាននៅលើបណ្តាញសង្គម ជុំវិញករណី ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងចិញ្ចឹមក្រពើ មួយកន្លែង ស្ថិតក្នុងភូមិព្រែកសំរោង៣  សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានការព្រួយបារម្ភខ្លាចក្រែងមានទឹកភ្លៀងជន់លិចអាងក្រពើ បណ្តាលឲ្យសត្វក្រពើចេញមកក្រៅនោះ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវ និងបានអះអាងថា មិនមានការជន់លិចអាងចិញ្ចឹមក្រពើនោះទេ សូមប្រជាពលរដ្ឋកុំព្រួយបារម្ភ។

លោកយី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ថា នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពិតជាមានប្រជាពលរដ្ឋមួយគ្រួសារចិញ្ចឹមសត្វក្រពើ ប្រាកដមែន ហើយតាមការអះអាងរបស់ម្ចាស់កសិដ្ឋាននោះ នៅក្នុងអាង មានចិញ្ចឹមសត្វក្រពើ ប្រមាណជាង៣០០ក្បាល។

លោកអធិការ បញ្ជាក់ថា អាងចិញ្ចឹមក្រពើនេះ មិនងាយទឹកជន់លិចបានឡើយ ព្រោះអាងនេះមានកម្ពស់ខ្ពស់ខ្លាំងណាស់។ ទឹកបានត្រឹមតែជន់លិចក្បែរជើងរបងអាងចិញ្ចឹមក្រពើ តែប៉ុណ្ណោះ លុះត្រាតែទឹកឡើង ៥ម៉ែត្រទៀត ទើបអាចលិចអាងក្រពើនេះបាន។

ជាមួយនេះ លោកអធិការក្រុងតាខ្មៅ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ និងបានសំណូមពរដល់សារព័ត៌មានមួយចំនួន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក មុននឹងធ្វើការផ្សព្វផ្សាយ ចែករំលែកព័ត៌មាន សូមធ្វើការស្រាវជ្រាវ និងសួរនាំអាជ្ញាធរឱ្យបានច្បាស់ ដើម្បីកុំឱ្យមានការយល់ច្រឡំ។

សូមបញ្ជាក់ថា អាងចិញ្ចឹមក្រពើ ខាងលើនេះ មានទីតាំងក្នុងភូមិព្រែកសំរោង៣  សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយមានរបងថ្ម និងសំណាញ់ កម្ពស់ប្រមាណ ៥ម៉ែត្រ ហ៊ុមព័ទ្ធជុំវិញទៀតផង៕

RELATED ARTICLES