ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះសៀង សីហា ដែលបានប្រើល្បិចឆបោកប្រាក់របស់ក្រុមហ៊ុន ស៊ីផិក ខេមបូឌា ចំនួនជាង២៤ម៉ឺនដុល្លារនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីពេលថ្មីៗនេះ ក្រោយគេចខ្លួនពួនអាត្មាអស់រយៈពេលជិត២ឆ្នាំមក។ ប៉ុន្តែក្រោយពេលសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ បែរជាលេចឮព័ត៌មានថា កំពុងមានការរត់ការសុំដោះលែងជនខាងលើ ឱ្យនៅក្រៅឃុំបណ្តោះអាសន្នទៅវិញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យឈ្មោះសៀង សីហា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងត្រូវបានលោកហម ម៉េងសែ អនុប្រធាននិងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន បន្ទាប់ពីឈ្មោះសៀង សីហា ត្រូវបានលោកហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួនតាំងពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មកម៉្លេះ តែទើបចាប់ខ្លួនបាន នាពេលថ្មីៗនេះ។

តាមប្រភពព័ត៌មានដដែល បានឱ្យដឹងថា ឈ្មោះសៀង សីហា បានជំពាក់ប្រាក់ក្រុមហ៊ុន ស៊ីផិក ខេមបូឌា ថ្លៃទិញបេតុងសរុបចំនួនជាង២៤ម៉ឺនដុល្លារ។ លុះក្រោយមក ឈ្មោះ សៀង សីហា បានចេញមូលប្បទានបត្រធនាគារស៊ីអាយអឹមប៊ី ភីអិលស៊ី ជាច្រើនសន្លឹក ឱ្យទៅក្រុមហ៊ុនស៊ីផិក ខេមបូឌា ជាការទូទាត់សងប្រាក់ តែមូលប្បទានបត្រនេះ មិនអាចបើកប្រាក់បានទេ ដោយខាងធនាគារបានចេញលិខិតបញ្ជាក់ថា សែកនេះគ្មានសាច់ប្រាក់នោះទេ (សែកស្អុយ)។

យោងលើអំពើនេះហើយ ទើបតុលាការ សម្រេចចោទប្រកាន់និងចេញដីកាចាប់ខ្លួនឈ្មោះសៀង សីហា ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់៕