Saturday, August 23, 2025
Homeតារាខ្មែរកញ្ញាវី ឌីណែត ក្រោយពេលលើកពាន កាន់តែមានសង្ឃឹម

កញ្ញាវី ឌីណែត ក្រោយពេលលើកពាន កាន់តែមានសង្ឃឹម

វី ឌីណែត ជាតារាចម្រៀងវ័យក្មេងដែលច្រៀងបានខ្ពស់ៗ មិនចាញ់ឱក សុគន្ធកញ្ញា ឡើយ ប៉ុន្ដែនាងមិនសូវលេចធ្លោទេ ព្រោះថា សុគន្ធកញ្ញា និងពេជ្រ សោភា រួមទាំងស្រីស្អាតរ៉េត ស៊ូហ្សាណា គ្របពីលើនាងតែម្ដង។

ទោះជាយ៉ាងណា ការឈ្នះពាន “I Am A Singer Cambodia” រដូវកាលទី២ កាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ គឺជាក្ដីសង្ឃឹមថ្មីមួយទៀតសម្រាប់កូនក្រមុំតារាចម្រៀងសំនៀងស្អក លោកហួរ ឡារី ក្នុងការស្ទុះងើបឡើងសាងកេរ្ដិ៍ឈ្មោះនៅហង្សមាស ឲ្យលេចត្រដែតជាងសព្វថ្ងៃ ព្រោះថា ពេលនេះ ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងមានឥទ្ធិពលជាងគេនៅហង្សមាស នោះ នាងមានប្ដីនិងកូន១ទៅហើយ ហេតុនេះហើយពិបាកក្នុងការឡើងខ្លាំងដូចក្រមុំវិញ។

ប៉ុន្ដែក្នុងជំនួបកន្លងមក ឌីណែត ថា នាងគ្មានចេតនាចង់ទៅប្រកួតប្រជែងជាមួយឱក សុគន្ធកញ្ញា នោះទេ ព្រោះនាងពេញចិត្តនូវអ្វីដែលមានសព្វថ្ងៃនេះ។ នាងថា សុគន្ធកញ្ញា ជា Idol របស់នាងហើយមុនចូលហង្សមាស នាងក៏ចូលចិត្តច្រៀងបទសុគន្ធកញ្ញា ផងដែរ។

ថ្វីត្បិតតែវី ឌីណែត ត្រូវគេរំពឹងថា នឹងមានសន្ទុះជាងនេះ ក្រោយលើកពានក្ដី ប៉ុន្ដែមហាជនមួយចំនួនបែរជាយល់ថា ទោះជាខ្លាំងយ៉ាងណា បើផលិតកម្មមិនលើក តើអាចទៅរួចដែរឬទេ?

ការអះអាងបែបនេះ ដោយសារតែកន្លងមក គេសង្កេតឃើញថា ម្ចាស់ពាន “I Am A Singer Cambodia” រដូវកាលទី១ លោកដួង វីរៈសិទ្ធ នោះ ក៏ជាអ្នកចម្រៀងមានសមត្ថភាពមិនធម្មតាដែរ ដោយថែមទាំងចេះនិពន្ធបទចម្រៀង និងធ្វើភ្លេងទៀតផង ប៉ុន្តែទោះជាកាន់ពានជិត៤ឆ្នាំទៅហើយក្ដី ក៏នៅតែពិបាកក្នុងការដណ្ដើមភាពលេចធ្លោដែរ។

ចំណែក វី ឌីណែត ឆ្នាំនេះ ពិតជាមានរាសីឡើងខ្ពស់ត្រដែតតែម្ដង ព្រោះឈ្នះពានបានលុយ១ម៉ឺនដុល្លារ ហើយរកបានសង្សារបណ្ដូលចិត្តក្នុងពេលតែមួយនេះដែរ ដែលធ្វើឲ្យរឿងគេសង្ស័យថា នាងខូចចិត្តដោយសារតែនី រតនា រៀបការចោលនោះ ហាក់បន្សាបបន្ដិចម្ដងៗ។ ប៉ុន្ដែ ឌីណែត មិនហ៊ានបើកចំហមុខប្រុសស្នេហ៍ទេ គឺយកស្ទីកគ័របាំងជិត ដោយនាងគ្រាន់តែបង្ហើបថា បុរសនោះជាអ្នកនៅក្នុងរង្វង់សិល្បៈម្នាក់៕

RELATED ARTICLES