Friday, August 22, 2025
Homeតារាខ្មែរអ៊ីណូ ចង់លេងស្ទីលដូចលោកខេមរៈ សិរិមន្ត?

អ៊ីណូ ចង់លេងស្ទីលដូចលោកខេមរៈ សិរិមន្ត?

តារាចម្រៀងសាន់ដេ លោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ (ENO) និងអ្នកសិល្បៈខ្លះនិយមហៅថា តារាក្បាលធំ នោះ ត្រូវបានគេបង្ហើបឲ្យដឹងថា ម្ចាស់បទ ”អូនកុំយំ កុំយំ” រូបនេះ មិនមែននៅកំលោះអូឡាក់ស៊ីនឡើយ ពោលគឺមានប្រពន្ធនិងកូន២នាក់ទៅហើយ គ្រាន់តែលោកព្យាយាមលាក់លៀមប៉ុណ្ណោះ។

ប្រភពបានឲ្យដឹងថា ប្រពន្ធអ៊ីណូ ដឹងចិត្តប្ដី ខ្លាចប៉ះពាល់អាជីពចម្រៀង អីចឹងក៏មិនទាមទារបណ្ដើរស្វាមីជាសាធារណៈ គ្រប់កម្មវិធីដែរ​គឺទាល់តែកម្មវិធីនោះជិតស្និទ្ធបំផុត ហើយគ្មានអ្នកកាសែតទៅចូលរួម ទើបលោកព្រមបណ្ដើរភរិយាទៅ។

យ៉ាងណា ក្នុងជំនួបជាមួយអ្នកាសែត ថ្ងៃបើកការ៉ាស់ឡាន ក្បែរផ្សារអ៊ីអន២ កាលពីពេលថ្មីៗនេះ អ៊ីណូ គ្រវីក្បាលតែម្ដង នៅពេលដែលត្រូវអ្នកសារព័ត៌មានចង់ឲ្យលោកបកស្រាយរឿងគេល្បីថា មានប្រពន្ធ និងកូន២ ទាំងមិនដែលរៀបការនេះ ដោយអ្នកចម្រៀងេហស្សនាមតារាក្បាលធំ រូបនេះថា មិនចង់បកស្រាយ ឬធ្វើអត្ថាធិប្បាយលើរឿងនេះទេ ព្រោះថ្ងៃសម្ពោធការ៉ាស់ អ្នកកាសែតគួរតែសួររឿងរកស៊ី បើសួររឿងប្រពន្ធកូន ចាកប្រធានបទហើយ។

ដោយឡែក កំពូលស្នេហ៍របស់អ៊ីណូ ដែលលាក់មុខនោះ នៅពេលដឹងថា មានអ្នកកាសែតចាំទៅប្រម៉ាញ់រូបនាងច្រើន ក៏បានផ្ញើតែបាច់ផ្កា១បាច់ ទៅអបអរអ៊ីណូប៉ុណ្ណោះ នាងមិនហ៊ានចូលរួមដោយចំហឡើយ ព្រោះខ្លាចគេដឹងថា ប្ដីនាងមានប្រពន្ធកូនមែន នាំតែធ្លាក់កូដអ៊ីណូ។

មិនមែនមានតែអ៊ីណូ ម្នាក់ទេ ដែលប្រឹងព្យាយាមលាក់រឿងប្រពន្ធកូន ប៉ុន្ដែកន្លងមក អតីតតារាចម្រៀងសាន់ដេ លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ក៏បានលាក់ប្រពន្ធកូន អស់៩ឆ្នាំដែរ ប៉ុន្តែដោយសារទាល់ច្រក មិនអាចបិទបាំងរឿងមានប្រពន្ធកូនបានតទៅទៀត ទើបលោកសិរីមន្ត ព្រមសារភាពកាលពីឆ្នាំ២០១៨ ថាខ្លួនពិតជាមានប្រពន្ធ និងកូន៣មែន។

ដោយឡែក អ៊ីណូ វិញ ទោះជាពេលនេះល្បីថា មានប្រពន្ធ និងកូន២ក្ដី ប៉ុន្ដែគេមិនដែលឃើញតារាចម្រៀងក្បាលធំរូបនេះ រៀបការជាចំហម្ដងណាឡើយ ខណៈដែលកន្លងមកធ្លាប់លេចឮថា ថៅកែលក់ឡានរូបនេះ ពូកែថ្វីមាត់ណាស់ គឺឲ្យតែស្និទ្ធតារាស្រីណា ច្បាស់ជាតាររារូបនោះពិបាករួចខ្លួនណាស់៕

RELATED ARTICLES