ខេត្តកំពង់ធំ ៖ ផ្ទះ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលយប់ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុងដោយសារម្ចាស់ផ្ទះបង្កាត់ភ្លើងឆ្អើរសាច់គោ រួចចូលដេក ភ្លេចពន្លត់ ជាហេតុធ្វើឱ្យឆេះរាលដល់ផ្ទះ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង។
ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ជាប្រភេទផ្ទះសង់ពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ មានម្ចាស់ឈ្មោះផាន់ ឈាង ភេទប្រុស អាយុ៥៣ឆ្នាំ ប្រពន្ធឈ្មោះឈន ផល្លា អាយុ៥៦ឆ្នាំ រស់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធជាម្ចាស់ផ្ទះ បានបង្កាត់ភ្លើងដើម្បីឆ្អើរសាច់គោ រួចហើយក៏នាំគ្នាចូលសម្រាកដោយភ្លេចពន្លត់ភ្លើង ទើបធ្វើឱ្យកើតជាអគ្គិភ័យឆាបឆេះផ្ទះបណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុងតែម្តង។
នៅក្នុងហេតុការណ៍នេះ បានបង្កឱ្យមានការខូចខាត រួមមាន ផ្ទះ១ខ្នងទាំងស្រុង ទូ ចំនួន២ រួមនិងសម្ភារប្រើប្រាស់ក្នុងផ្ទះ មួយចំនួនទៀត។
តាមការបញ្ជាក់ពីសមត្ថកិច្ច គ្រោះអគ្គិភ័យនេះត្រូវបានសមត្ថកិច្ចបញ្ជូនរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោង ចេញអន្តរាគមន៍ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត ស្មើនឹង៦ម៉ែត្រគូប ទើបភ្លើងបានរលត់ទាំងស្រុង ដោយមិនបណ្តាលឱ្យ ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏មិនបណ្តាលឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះដែរ៕