Friday, August 22, 2025
Homeព័ត៌មានជាតិស្គាល់២ខែ ស៊ីដាច់ម៉ូតូ ហើយបោះពាក្យសម្តីបែបនេះទៅនាងទៀត

ស្គាល់២ខែ ស៊ីដាច់ម៉ូតូ ហើយបោះពាក្យសម្តីបែបនេះទៅនាងទៀត

ភ្នំពេញ ៖ នារីម្នាក់បានទាក់ទងស្គាល់បុរសម្នាក់មិនទាន់បាន២ខែស្រួលបួលផង ក៏ត្រូវភាគីប្រុសប្រើល្បិចខ្ចីម៉ូតូជិះ  រួចស៊ីដាច់បាត់ឈឹង មិនឃើញយកមកឱ្យវិញ លុះនាងសួររឿងម៉ូតូ ស្រាប់តែត្រូវខាងប្រុសគំរាមសម្លាប់ចោលទៀតផង ទើបនារីរងគ្រោះសម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ករណីប្រុសព្រានស៊ីដាច់ម៉ូតូស្រីខាងលើនេះ បានកើតឡើងតាំងពីអំឡុងចុងខែកក្កដា ឆ្នាំ២០២០ មកម៉្លេះ តែនារីរងគ្រោះទើបបានមកដាក់ពាក្យប្តឹង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០។

ជនសង្ស័យដែលជាជនឆបោកខាងលើ មានឈ្មោះញើង អ៊ាង អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកនារីរងគ្រោះមានឈ្មោះ យ.ស អាយុ២៣ឆ្នាំ មុខរបរជាអ្នករត់តុនៅភោជនីយដ្ឋានមួយ នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ស្នាក់នៅបន្ទប់ជួល ម្តុំវត្តកៀនឃ្លាំង ខណ្ឌជ្រោយចង្វា។ រីឯម៉ូតូដែលជនសង្ស័យស៊ីដាច់នោះ ម៉ាក Zoomer-X ពណ៌លឿងលាយស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ធំ 1N-2850។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងបានទាក់ទងស្គាល់ជនសង្ស័យ ឈ្មោះញើង អ៊ាង អស់រយៈពេលជិត២ខែមកហើយ លុះក្រោយមកជនសង្ស័យបានបបួលនាងឱ្យឡើងមកភ្នំពេញ ដើម្បីរកការងារធ្វើ លុះពេលនាងឡើងមកដល់ភ្នំពេញ និងបានទៅរកបន្ទប់ជួលស្នាក់នៅជិតម្តុំវត្តកៀនឃ្លាំងបានហើយ ជនសង្ស័យបាននិយាយពាក្យសម្តីដ៏ផ្អែម លួងលោមខ្ចីម៉ូតូរបស់នាងជិះ ដោយប្រាប់ថា ទៅម្តុំចោមចៅ និងផ្លូវវេងស្រេង ដើម្បីទៅរកការងារធ្វើ តែពេលជនសង្ស័យត្រឡប់មកដល់បន្ទប់ជួលវិញ មិនឃើញម៉ូតូរបស់នាងទេ ទើបនាងបានសួរថា “ឯណាម៉ូតូ?” ជនសង្ស័យ បានប្រាប់នាងវិញថា ម៉ូតូនាង គេបានផ្ញើទុកនៅកន្លែងឃ្លាំង ទាល់តែម្ចាស់ឃ្លាំងមកវិញ ទើបយកបាន។

នារីរងគ្រោះ បន្តថា ក្រោយមកជនសង្ស័យបានទៅបាត់រហូត លុះពេលដែលនាងបានទាក់ទងតាមទូរស័ព្ទសួររក ទើបជនសង្ស័យឆ្លើយប្រាប់នាងវិញថា ម៉ូតូបានបាត់ហើយ រួចគំរាមនាងថា បើហ៊ានប្រាប់ទៅដល់ម្តាយនិងក្រុមគ្រួសារ ឬប្តឹងសមត្ថកិច្ចនោះ គេនឹងសម្លាប់នាងចោល។ ដោយសារនាងភ័យខ្លាចការគំរាម ទើបមិនហ៊ានប្រាប់រឿងនេះដល់ក្រុមគ្រួសារឱ្យបានដឹង។

នារីរងគ្រោះ បានបន្តទៀតថា រហូតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ រឿងរ៉ាវក៏បានបែកធ្លាយដឹងដល់ម្តាយនិងប្អូនស្រីរបស់នាង ហើយម្តាយក៏បានចេញដំណើរពីស្រុក មកជួបនាង ល់បន្ទប់ជួល រួចនាំទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ដើម្បីឱ្យជួយស្វែងរកចាប់ជនឆបោកនោះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES