ខេត្តកណ្តាល ៖ បុរសស្ត្រីជាប្តីប្រពន្ធមួយគូដែលបើកអាជីវកម្មអាហារដ្ឋាន តែងបង្កបញ្ហារំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្បែរខាង តាមរយៈការចាក់ធុងបាស់បំពងសំឡេងឮខ្លាំងៗ ១យប់ទល់ភ្លឺ និងធ្លាប់មានភ្ញៀវមកស៊ីផឹកឈ្លោះទាស់ទែងគ្នា ស្រែកឡូឡាទាំងកណ្តាលអធ្រាត្រ បណ្តាលឱ្យរំខានដល់អ្នកជិតខាង ត្រូវបានសមត្ថកិច្ចកោះហៅឱ្យចូលខ្លួនមកធ្វើកិច្ចសន្យាជាលើកទី២។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានធ្វើការឆ្លើយតបបំភ្លឺជូនបណ្តាញសារព័ត៌មាន ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម មានខ្លឹមសារថា “សង្ស័យឥទ្ធិពលដុល្លារ ទើប KTV នៅអាហារដ្ឋានព្រែកតាមាក់ កំពុងបើកយ៉ាងពេញបន្ទុក ទោះបីធ្លាប់ធ្វើកិច្ចសន្យា ពីរដងរួចមកហើយ មតិពលរដ្ឋរឿងលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល សង្ស័យសើមមាត់សើមកហើយ ធ្វើបាបអ្នកទន់ខ្សោយ ឯអ្នកធំមានខ្នង មានបុណ្យស័ក្តិខ្លាចគេ និងបានលើកឡើងពីការនាំបុគ្គលិកអាហារដ្ឋាន ម្លប់ស្បូវ ១៦៨ មកធ្វើកិច្ចសន្យាខុសនីតិវិធី”។

ក្រោយពីទទួលបានព័ត៌មាននេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល សូមធ្វើការបកស្រាយបំភ្លឺជូនសាធារណជន ជ្រាបថា កន្លងមក ឈ្មោះហេង ចន្តា ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបើកអាជីវកម្មអាហារដ្ឋាន យីហោ ម្លប់ស្បូវ១៦៨ មានទីតាំងនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ហើយឈ្មោះកឹម សុខា ជាប្តី មើលការខុសត្រូវក្នុងហាងនោះ តាមលិខិតអនុញ្ញាតធ្វើអាជីវកម្មអាហារដ្ឋាន លេខ ៧០២ ល.អ.ក្រ១ ចុះថ្ងៃទី១៩.១១.២០១៩ ឱ្យបម្រើសេវាម្ហូបអាហារ និងមិនអនុញ្ញាតឱ្យចាក់ធុងបាស់បំពងសំឡេងឮខ្លាំងៗ ចាប់ពីម៉ោង ១៦ៈ០០នាទី រហូតដល់ម៉ោង៣ៈ០០នាទី ទៀបភ្លឺ។

មិនតែប៉ុណ្ណោះ បុគ្គលិកឬភ្ញៀវដែលមកស៊ីផឹកបានទាស់ពាក្យសម្តីគ្នា ស្រែកឡូឡាទាំងកណ្តាលអធ្រាត្រ បណ្តាលឱ្យរំខានដល់អ្នកជិតខាង ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ បានចុះអប់រំនិងធ្វើកិច្ចសន្យាមិនឱ្យចាក់ធុងបាស់បំពងសំឡេងខ្លាំងៗទៀតនោះទេ ប៉ុន្តែឈ្មោះហេង ចិន្តា មិនគោរពតាមកិច្ចសន្យារបស់ខ្លួនឡើយ ទើបនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ៈ០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់ ចុះទៅសាកសួរឈ្មោះកឹម សុខា និងបុគ្គលិក និងបាននាំមកធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល តែម្តង។
ចំពោះអាហារដ្ឋាននិងខារ៉ាអូខេ កន្លែងផ្សេងៗទៀត កម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចុះធ្វើកិច្ចសន្យាបញ្ឈប់ការចាក់បំពងសំឡេងឮៗ និងបញ្ឈប់សកម្មភាពលួចលាក់ច្រៀងខារ៉ាអូខេ ហើយទីតាំងហាងទាំងនោះ បានគោរពតាមកិច្ចសន្យា មិនមានលួចលាក់ច្រៀងខារ៉ាអូខេ នោះទេ គឺអនុវត្តទៅតាមសេចក្តីជូនដំណឹងលេខ ១២៦៩ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការអនុញ្ញាតឱ្យបើកអាជីវកម្មក្លឹបកម្សាន្ត និងខារ៉អូខេ (KTV) ទាំងអស់ នៅខេត្តណ្តាល បើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋាន។ ប៉ុន្តែទោះជាពិនិត្យឃើញយ៉ាងនេះក្តី កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តឃ្លាំមើលចំពោះទីតាំងអាហារដ្ឋានទាំងនោះ ប្រសិនបើពិនិត្យឃើញមានការលួចលាក់បើកច្រៀងខារ៉ាអូខេ ផ្ទុយពីសេចក្តីជូនដំណឹងខាងលើ នឹងមានចំណាត់ការតាមនីតិវិធី។

ចំណែកករណីល្បែងស៊ីសងវិញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចុះបង្ក្រាបជាបន្តបន្ទាប់ ជាច្រើនករណី យកមកអប់រំ និងអនុវត្តតាមនីតិវិធី…៕