ព្រាប សុវត្ថិ បានចេញបទចម្រៀងនៅផលិតកម្ម Galaxy ជិត១០បទមកហើយ ក្នុងនោះ មានដូចជាបទ ”ខែភ្ជុំ ជ្រូកយំពេញទ្រុង”, ”អូនជាឆ្មារ បងជាកណ្ដុរ”, ”ចង់ឲ្យការស្រលាញ់ដូចញ៉ែគ្នាដំបូង”, ”បងស្រណោះឆ្នាំទៅ”, ”ប្លង់រឹង”, ”កង់បី” និងបទ ”បើកឡាន” ជាដើម។
តាមរយៈបទចម្រៀងទាំងនេះ គេសង្កេតឃើញថា ព្រាប សុវត្ថិ មានការតុបតែងខ្លួនដូចកាលដែលលោកចាប់ផ្ដើមច្រៀងនៅហង្សមាស កាលពីឆ្នាំ១៩៩៧-១៩៩៨ ដែរ ខណៈដែលបារ៉ូលចម្រៀង និងបទភ្លេង គឺតម្រូវឲ្យព្រាប សុវត្ថិ ច្រៀងទៅក្មេងជាងវ័យ។

កត្តានេះហើយដែលធ្វើឲ្យទស្សនិកជនមួយចំនួន មិនទាន់អាចទទួលយកបទចម្រៀងរបស់ព្រាប សុវត្ថិ នៅ Galaxy បានឡើយ ព្រោះពួកគេធ្លាប់គាំទ្រព្រាប សុវត្ថិ ផង ហង្សមាស ផង ដែលក្រុមហ៊ុនមួយនេះផលិតបទចម្រៀងឲ្យលោកច្រៀង ត្រូវទៅតាមវ័យ និងស័ក្តិសមជាមួយសំឡេងរបស់លោក។
ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានយល់ឃើញថា នេះជាយុទ្ធសាស្រ្ដរបស់ Galaxy ដែលចង់ឲ្យព្រាប សុវត្ថិ ទាញទីផ្សារយុវវ័យឡើងវិញសិន ក្រោយមកគេនឹងផលិតបទចម្រៀងរបស់លោក ដូចកាលច្រៀងនៅហង្សមាស វិញជាមិនខាន។

អ្នកធ្វើភ្លេង (Composer) ម្នាក់ នៅផលិតកម្មរស្មីហង្សមាស បានប្រាប់ ”នគរធំ” កាលពីថ្ងៃទី១៣ ខែតុលា ដោយសុំមិនឲ្យដាក់ឈ្មោះថា តាមការសង្កេតឃើញរបស់លោក គឺព្រាប សុវត្ថិ មុនលោកចេញពីហង្សមាស នោះ ការច្រៀង សម្ដែងរបស់លោកមិនសូវមានអារម្មណ៍ទេ។ ប៉ុន្ដែពេលទៅដល់ Galaxy ព្រាប សុវត្ថិ ពិតជាមានអារម្មណ៍ក្នុងការច្រៀងសម្ដែងដូចកាលលោក នៅហង្សមាស ឆ្នាំ១៩៩៧-១៩៩៨ មែន ហើយអ្នកនិពន្ធបទចម្រៀងឲ្យគាត់ច្រៀងនោះ អ្នកណាក៏មើលដឹងដែរថា សរសេរប៉ារ៉ូលឲ្យគាត់ច្រៀងក្មេងជាងវ័យ អីចឹងហើយអ្នកខ្លះនៅមិនទាន់ទទួលយកបានត្រង់ហ្នឹង។

ប៉ុន្ដែតាមទស្សនៈរបស់លោក កាលនៅហង្សមាស ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រាប សុវត្ថិ មិនសូវមានយុវវ័យស្ដាប់បទចម្រៀងគាត់ច្រើនទេ គឺមានតែវ័យកណ្ដាលឡើងទៅ អីចឹង Galaxy ចង់អូសឲ្យយុវវ័យស្ដាប់បទព្រាប សុវត្ថិ ឡើងវិញទើបគេធ្វើបទបែបនេះឡើង។ តែមិនយូរទេ នៅពេលដែលព្រាប សុវត្ថិ ត្រូវយុវវ័យភាគច្រើនងាកមកស្ដាប់វិញ ហើយលោកជឿថា Galaxy នឹងបត់មកធ្វើបទចម្រៀងឲ្យព្រាប សុវត្ថិ ច្រៀងបែបហង្សមាសវិញ ជាមិនខាន ដែលគេធ្វើទៅតាមវ័យរបស់គាត់។

លោកបន្ថែមថា តាមដឹង Galaxy ក៏បានទិញកម្មសិទ្ធិបញ្ហាពីបទចម្រៀងលោកតាស៊ីន ស៊ីសាមុត ច្រើនដែរ ប៉ុន្ដែមិនទាន់ធ្វើឡើងវិញ អីចឹងលោកយល់ថា នៅពេលខាងមុខ បទចម្រៀងមរតកដើមរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ទាំងនោះ នឹងត្រូវបាន Galaxy ផលិតឲ្យព្រាប សុវត្ថិ ច្រៀងជាមិនខានឡើយ បើមិនអីចឹងទេ តើគេទិញទុកធ្វើអី?

អតីតតារាចម្រៀងផលិតកម្មហង្សមាស លោកនូ ស៊ិប បានអះអាងកាលពីថ្ងៃទី១៣ ខែតុលា ថា លោកមិនទាន់បានឃើញបទចម្រៀងរបស់ព្រាប សុវត្ថិ នៅផលិតកម្មថ្មីនោះទេ ព្រោះលោកបានប្ដូរផ្ទះពីភ្នំពេញ ទៅនៅជាយក្រុង អត់សេវាអ៊ីនធើណេតប្រើ។
ប៉ុន្ដែលោកនូ ស៊ិប ធ្លាប់យល់ស្របថា ការដែលព្រាប សុវត្ថិ ទើបចេញបទចម្រៀងបានតិចពេក មិនទាន់អាចសន្និដ្ឋានបានថា នៅតែខ្លាំងឬចុះខ្សោយ នៅពេលនេះបានឡើយ។

អ្នករៀបចំកម្មវិធីប្រគំតន្រ្ដីបានឲ្យដឹងថាព្រាប សុវត្ថិ នឹងចេញបទចម្រៀងយ៉ាងហោចណាស់៥បទបន្ថែមទៀត នៅពេលនេះ ដើម្បីឲ្យគ្រប់គ្រាន់ក្នុងការយកទៅឡើងច្រៀងនៅឆាកតន្រ្ដីធំៗទាំងឡាយ នៅខែវិច្ឆិកា ខាងមុខនេះ ហើយការច្រៀងសម្ដែងនៅលើឆាកនោះ ទស្សនិកជនក៏អាចមើលដឹងថា ព្រាប សុវត្ថិ នៅខ្លាំងឬធ្លាក់ចុះបានដែរ៕ ហ៊ឹម វិចិត្រ