ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៣៣៨៤គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៩ ក្នុងខណ្ឌដង្កោ។

ក្នុងឱកាសអញ្ជើញជួបសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមស្ទឹងព្រែកត្នោត ចំនួន៣៣៨៤គ្រួសារ រស់នៅក្នុងសង្កាត់ ចំនួន៩ ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូនលោកឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នូវថវិកាចំនួន១០០០០០០០០រៀល (មួយរយលានរៀល) ដើម្បីចាត់ចែងទិញស្បៀងបន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់ នៅតាមបណ្តាខណ្ឌដែលរងផលប៉ះពាល់ក្នុងរាជធានីភ្នំពេញ ផងដែរ។

គួរបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ គឺជាសាខាទី៥ ដែលបានទទួលថវិកាបន្ទាន់ ចំនួន១០០លានរៀល ពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បន្ទាប់ពីសាខា ចំនួន៤ រួមមាន សាខាខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន បានទទួលកាលពីពេលថ្មីៗកន្លងទៅ។

សូមបញ្ជាក់ថា ក្នុងរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស បានសរុបចំនួន១០៨៤៩គ្រួសារ រស់នៅភូមិចំនួន២០៨ ឃុំចំនួន៨៧ ស្រុកចំនួន៣៦ និងរាជធានី-ខេត្ត ចំនួន១២ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាល ចំនួន៥៨៦០គ្រួសារ និងដោយសាខា ចំនួន៤៩៨៩គ្រួសារ)៕
