ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានទៅជួយពិធីមង្គលការសាច់ញាតិរបស់ខ្លួន (កូនកំលោះ) លុះដោយសារតែរត់តុហត់ពេក ទើបដើរសំដៅទៅបន្ទប់តែងខ្លួនកូនក្រមុំ បំណងដេកសម្រាកមួយភាំង ស្រាប់តែត្រូវបានយុវជនម្នាក់ត្រូវជាសាច់ញាតិកូនក្រមុំ ដាល់២ដៃ បណ្តាលឱ្យប៉ោងភ្នែក និងបែកខ្ទង់ច្រមុះ ហូរឈាមស្រោចខ្លួន។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះរៀបពិធីអាពាហ៍ពិពាហ៍មួយ ស្ថិតក្នុងភូមិសាស្ត្រភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង។

ជនរងគ្រោះឈ្មោះហ៊ឹម ឡាយ ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។ ចំណែកជនសង្ស័យដែលប្រើហិង្សា ឈ្មោះនិត កុសល ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានពិធីរៀបអាពាហ៍ពិពាហ៍មួយនៅចំណុចកើតហេតុខាងលើ ដោយក្នុងនោះ ឈ្មោះហ៊ឹម ឡាយ ត្រូវជាសាច់ញាតិម្ចាស់ដើមការ បានមកជួយបម្រើភ្ញៀវ ក្នុងកម្មពិធីនោះដែរ លុះក្រោយមក ដោយសារតែនឿយហត់អស់កម្លាំងពេក ឈ្មោះហ៊ឹម ឡាយ ក៏ដើរចូលទៅក្នុងបន្ទប់តែងខ្លួនកូនក្រមុំ បម្រុងដេក ភ្លាមនោះស្រាប់តែមានឈ្មោះនិត កុសល បានចូលទៅចាប់ក្របួចកអាវដាល់ឈ្មោះហ៊ឹម ឡាយ បណ្តាលឱ្យរងរបួសជាំភ្នែកខាងស្តាំ និងបែកខ្ទង់ច្រមុះ ហូរឈាម ហើយត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុក។

ក្រោយកើតហេតុ ជនសង្ស័យឈ្មោះនិត កុសល ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់លែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕