Friday, August 22, 2025
Homeតារាខ្មែរមាស សុខសោភា Galaxy ចូលចែចូវ អាចសម្រេចបំណងច្រៀងជាមួយព្រាប សុវត្ថិ

មាស សុខសោភា Galaxy ចូលចែចូវ អាចសម្រេចបំណងច្រៀងជាមួយព្រាប សុវត្ថិ

មុននេះមានព័ត៌មានថា មាស សុខសោភា កំពុងតែត្រៀមបង្ហាញខ្លួននៅផលិតកម្មហង្សមាស ដែលអាចលេចមុខនៅទ្រនំធំនេះ នៅអំឡុងខែវិច្ឆិកា ឬខែធ្នូ នេះហើយ។ ប៉ុន្ដែនៅពេលដែលសោភា មិនទាន់ចេញបទចម្រៀង១បទ នៅហង្សមាស នោះ ស្រាប់តែមានព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលថា ពេលនេះផលិតកម្ម Galaxy ក៏បានចូលខ្លួនទៅតាមចែចូវអ្នកចម្រៀងសំនៀងផ្អែមរូបនេះ នៅរយៈពេលចុងក្រោយនេះដែរ។

គ្រូភ្លេង (Composer) ម្នាក់ដែលស្និទ្ធទាំងហង្សមាស និង Galaxy បានបង្ហើបឲ្យដឹងកាលពីពេលថ្មីៗនេះថា សោភា ចូលហង្សមាសមិនទាន់១០០%ទេ ព្រោះថា ពេលនេះ Galaxy ចាប់ផ្ដើមចូលប្រជែងចង់បានតារាចម្រៀងម្នាក់នេះដែរហើយ។

លោកបន្តថា Galaxy ទោះជាថ្មីមែន តែគេមានលុយ អីចឹងអ្វីៗក៏អាចក្រឡាប់ចាក់បានគ្រប់ពេលវេលាទាំងអស់ដែរ ដូចជាព្រាប សុវត្ថិ អីចឹង ពីមុនអ្នកណាជឿថា គាត់ទៅផលិតកម្មហ្នឹង? តាមដឹង ពេលនេះ សោភា កំពុងតែរារែកចិត្តហើយ ព្រោះមិនដឹងថា សម្រេចចចិត្តទៅមួយណាឲ្យត្រូវ។

ថ្វីត្បិតតែមានការអះអាងបែបនេះក្ដី ប៉ុន្ដែក្នុងជំនួបផ្ទាល់កាលពីដើមខែកញ្ញា មាស សុខសោភា បានប្រាប់អ្នកយកព័ត៌មានយើង ដោយអះអាងថា Galaxy មិនដែលទាក់ទងនាងម្ដងណាឡើយ។ ប៉ុន្ដែនាងថា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ទស្សនិកជននឹងបានឃើញច្បាស់ថា​ នាងនឹងលេចមុខនៅផលិតកម្មណាជាមិនខាន ប៉ុន្តែពេលនេះនាងសុំលាក់សិន ព្រោះចង់ធ្វើឲ្យអ្នកគាំទ្រ Surprise ។

សោភា បានសារភាពថា មិត្តភក្ដិមួយចំនួនរបស់នាងនៅហង្សមាស ពិតជាចង់ឲ្យនាងទៅច្រៀងនៅទីនោះមែន។

អ្នកជំនាញសិល្បៈធ្លាប់បានធ្វើការព្រមានមាស សុខសោភា ថា តើឱកាស២៣ឆ្នាំ សម្រាប់រូបនាងមានប៉ុន្មានដងទៅ ព្រោះថា រយៈពេលជាង២ទសវត្សមកហើយ ដែលនាង និងព្រាប សុវត្ថិ ត្រូវមហាជនចាត់ទុកថាជាកំពូលតារាចម្រៀងនោះ មិនដែលច្រៀងឆ្លងឆ្លើយគ្នានៅផលិតកម្មតែមួយជាមួយគ្នាសោះ អីចឹងចាំដល់ពេលណាទៀត ទើបនាងព្រមទៅ Galaxy ចាប់ដៃជាមួយព្រាប សុវត្ថិ ដើម្បីធ្វើឲ្យតារាចម្រៀងស្រីៗទាំងឡាយរង្គោះរង្គើតំណែងនោះ។

ប៉ុន្ដែសោភា បានប្រាប់អ្នកយកព័ត៌មានយើងថា នាងធ្លាប់ច្រៀងតាមកម្មវិធីជប់លៀង និងកម្មវិធីមួយចំនួនជាមួយព្រាប សុវត្ថិ មែន តែពិតជាមិនដែលច្រៀងនៅផលិតកម្មតែមួយជាមួយគ្នាមែន ហើយកន្លងមក លោកព្រាប សុវត្ថិ បង្ហាញសញ្ញាចង់ច្រៀងជាមួយនាង ខណៈដែលរូបនាងវិញ ក៏ចង់ច្រៀងជាមួយលោកដែរ។ឮ

សោភា បន្ថែមថា ពេលនេះឱកាសនៅតែមិនទាន់មានឡើយ ហើយនាងនឹងធ្វើការសម្រេចចិត្តមួយក្នុងការចូលទៅច្រៀងនៅផលិតកម្មណាមួយ បើទោះជាមានកុងត្រាក៏ដោយ តែសុំកុំឲ្យតឹងរឹងពេក​គឺនាងចង់ធ្វើការមានសេរីភាពឲ្យដូចកាលនាងនៅថោន ដែរ។

អ្នកជំនាញសិល្បៈនៅតែចាត់ទុកថា រហូតមកដល់ពេលនេះមិនទាន់មានតារាចម្រៀងស្រីរូបណាដែលច្រៀងបទស្លូវ វ៉ាមាស សុខសោភា ឡើយ ហេតុនេះហើយបើនាងទៅធ្វើដៃគូរបស់ព្រាប សុវត្ថិ គឺទីផ្សារតារាចម្រៀងស្រីទាំងឡាយ នឹងប្រែប្រួល ហើយពិបាកទប់ទល់ជាមួយនាង។

ទោះជាយ៉ាងណា សោភា នៅតែអះអាងថា នាងចង់ច្រៀងដោយសេរីភាពគ្មានកុងតា្រច្រើនជាង ហើយនៅបាំងមិនដល់១ខែទៀតទេ ទស្សនិកជននឹងបានឃើញបទចម្រៀងថ្មីៗរបស់នាង នៅផលិតកម្ម១។

បើទោះជាសោភា មិនប្រាប់មុនថា ទ្រនំថ្មីរបស់នាងនោះ ឈ្មោះអីក្ដី តែគេជឿថា គ្មានផលិតកម្មណាផ្សេងក្រៅពីហង្សមាស និងGalaxy ឡើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES