ការដឹកនាំតារាចម្រៀងល្បីៗក្នុងផលិតកម្ម Galaxy មានដូចជា លោកព្រាប សុវត្ថិ, ខេម, កញ្ញាតន់ ចន្ទសីម៉ា និងកញ្ញាអ៊ុក សុវណ្ណារី ចុះទៅស្រុកមង្គលបុរី នាំស្បៀងអាហារ អង្ករ៥០តោន និងអាហារហូបចុកផ្សេងៗ ជូនប្រជាពលរដ្ឋដែលកំពុងជន់លិច ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ក្នុងនោះឯកឧត្ដមទេសរដ្ឋមន្ត្រី បានកោតសរសើរនៅទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជាខ្លាំង។

ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកកាយវិការរបស់លោកឧកញ៉ា ដែលមានអតីតភាពជាក្មេងទីជនបទក្រីក្រ និងជាពលករប្រទេសកូរ៉េខាងត្បូង រូបនេះថា ជាកាយវិការដ៏ល្អប្រសើរ និងជាគំរូមួយនៅក្នុងសង្គមកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងទៅកាន់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ថា “ការរួមចំណែករបស់លោកឧកញ៉ា ឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងជួបការលំបាក និងខ្វះខាត ព្រោះតែទឹកជំនន់។ នេះជាកាយវិការល្អណាស់សម្រាប់សង្គមយើង។ យើងមានបាន យើងថ្កុំថ្កើង ក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាក យើងត្រូវជួយរំលែកការលំបាករបស់គាត់។ ទង្វើល្អដែលយើងបានធ្វើចំពោះគាត់ នឹងធ្វើឱ្យជីវិតយើងមិនសាបសូន្យនោះឡើយ”។

លោកឧកញ៉ា ឡេង ណាវ៉ាត្រាបានលើកឡើងនោះ ចំពោះមុខក្រុមអ្នកសារព័ត៌មានដែលបានចុះទៅព័ត៌មានដោយផ្ទាល់ក្នុងសកម្មភាពមនុស្សធម៌នេះថា “នៅពេលដែលឃើញបងប្អូនខ្មែរ មានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់។ អីចឹងយើងមានសេចក្តីសុខ នៅពេលយើងបានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំទៀត យើងមិនចឹងថានៅពេលណា? អីចឹងយើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ”។

គូរបញ្ជាក់ផងដែរថា ក្នុងតួលេខបង្ហាញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ សប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស គិតត្រឹមម៉ោង11:34នាទីថ្ងៃត្រង់ ថ្ងៃទី១៩ តុលា ២០២០ ថវិកាទទួលបាន6,867,524ដុល្លារ, 396,525,000រៀល និង៥.០០០€ (ប្រាំពាន់អឺរ៉ូ)។

ក្នុងចំណោមឧកញ៉ាល្បីៗដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូបបានចូលរួមបរិច្ចាគថវិកា គេឃើញថា លោកឧកញ៉ាឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានចូលរួមបរិច្ចាគថវិកាជូន៦០ម៉ឺនដុល្លារ ជាចំនួនដែលច្រើនជាងគេ ក្នុងចំណោមសប្បុរសជនទាំងឡាយ៕



