ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់កំពុងនៅចាំផ្ទះតែម្នាក់ឯង ខណៈដែលប្រពន្ធកូននាំគ្នាចេញទៅផ្សារអស់ ស្រាប់តែកើតមានអគ្គិភ័យឆាបឆេះផ្ទះ ធ្វើឱ្យបុរសជាម្ចាស់ផ្ទះរត់ចេញមិនទាន់ ក៏ត្រូវភ្លើងឆេះរលាកបណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកផ្ទះទាំងមូល ត្រូវក្លាយជាចំណីភ្លើងហ្មត់។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ ជាប្រភេទផ្ទះសង់ពីឈើប្រក់ដំបូលហ្វីប្រូស៊ីម៉ងត៍ មានទំហំ៨ម៉ែត្រ គុណនឹង ៦ម៉ែត្រ។
ជនរងគ្រោះជាម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះកុប ម៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ (រងរបួសធ្ងន់ បញ្ជូនទៅមណ្ឌលសុខភាពព្រៃខ្មែរ) មានប្រពន្ធឈ្មោះម៉ូត ស៊ីម៉ ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានចេញទៅផ្សារជាមួយកូន ដោយទុកឱ្យបុរសរងគ្រោះជាប្តីនៅចាំផ្ទះតែម្នាក់ឯង ស្រាប់តែបន្តិចក្រោយមក មិនដឹងថាមានរឿងអ្វី ស្រាប់តែឃើញភ្លើងបានឆេះផ្ទះខាងលើយ៉ាងសន្ធោសន្ធៅ ចំណែកបុរសជាម្ចាស់ផ្ទះបានជាប់នៅក្នុងផ្ទះ ទម្រាំរកផ្លូវចេញមកបាន ក៏ទទួលរងរបួសរលាកយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពព្រៃខ្មែរ ភ្លាមៗ។
ហេតុការណ៍អគ្គិភ័យខាងលើ បានបង្កឱ្យរងការខូចខាត ផ្ទះ១ខ្នង ទាំងស្រុង អង្ករ ១បេ ទូរទស្សន៍ ១គ្រឿង លុយចំនួន២លាន៥០ម៉ឺនរៀល រួមនិងសម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀត។

ក្រោយពេលកើតហេតុ អនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ ដឹកនាំដោយលោក សោម វឺន អនុប្រធានកិត្តិយសអនុសាខាស្រុក លោកស្រី អោក សុភារី ប្រធានគណៈកម្មាធិការអនុសាខាស្រុក លោកស្រី រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានចុះសួរសុខទុក្ខ និងរំលែកទុក្ខដល់គ្រួសាររងគ្រោះ។
អំណោយដែលនាំយកទៅចែកជូនមាន៖ អង្ករ៣០គីឡូក្រាម, មុង១ , ភួយ១, សារុង១ ,ក្រមា១, ត្រីខ១០កំប៉ុង, សាប៊ូ២ដុំ, ឃីតធំចំនួន១ និងថវិកា២០០,០០០រៀល ៕