ខេត្តព្រះសីហនុ ៖ ក្មេងស្រីវ័យ១៣ឆ្នាំម្នាក់ រួមនិងក្រុមគ្រួសារបាននាំគ្នាធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ លុះពេលកំពុងចុះលេងទឹកជុំគ្នា ស្រាប់តែក្មេងស្រីរងគ្រោះបានរអិលជើងធ្លាក់ចូលទឹកជ្រោះ រួចក៏បាត់ខ្លួនពេញ១យប់ លុះព្រឹកឡើង ទើបត្រូវបានកម្លាំងសង្គ្រោះរកសពឃើញ កៀបជាប់នឹងល្បាក់ថ្ម។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចបរិវេណរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ។ រហូតមកដល់វេលាម៉ោងជិត៨ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ទើបរកសពក្មេងស្រីរងគ្រោះឃើញ។

ក្មេងស្រីរងគ្រោះ មានឈ្មោះរឿង បញ្ញា អាយុ១៣ឆ្នាំ មុខរបរជាសិស្ស រៀននៅខេត្តបាត់ដំបង បច្ចប្បន្នស្នាក់បណ្តោះអាសន្ននៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្មេងស្រីរងគ្រោះនិងក្រុមគ្រួសារ បាននាំគ្នាទៅលេងកម្សាន្តនៅរមណីដ្ឋានទឹកធ្លាក់ក្បាលឆាយ។ លុះក្រោយមក ក្មេងស្រីរងគ្រោះ និងក្រុមគ្រួសារ បាននាំគ្នាចុះលេងទឹកយ៉ាងសប្បាយក្អាកក្អាយ ស្រាប់តែបន្តិចក្រោយមក ក្មេងស្រីរងគ្រោះបានរអិលជើងធ្លាក់ចូលទឹកជ្រោះរមណីយដ្ឋានក្បាលឆាយ បាត់ខ្លួនឈឹងតែម្តង។

ភ្លាមៗនោះ ក្រុមគ្រួសារ និងប្រជាពលរដ្ឋដែលបានទៅកម្សាន្តនៅរមណីដ្ឋានក្បាលឆាយ ក៏នាំគ្នាជួយរាវរកក្មេងស្រីរងគ្រោះភ្លាមៗដែរ តែរកមិនឃើញ ទើបរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន និងត្រូវបានលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះដឹកនាំបញ្ជាផ្ទាល់ក្នុងការរុករក សង្គ្រោះផងដែរ តែរកមិនឃើញ។

ប្រភពដដែល បន្តថា ក្រោយពីផ្អាករុករកពេលយប់ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចនិងក្រុមសង្គ្រោះ បាននាំគ្នាអុជធូប សុំម្ចាស់ទឹកម្ចាស់ដី រួចហើយក៏បន្តស្វែងរកក្មេងស្រីរងគ្រោះទៀត រហូតមកដល់វេលាម៉ោងជិត៨ព្រឹក ទើបប្រទះឃើញសពក្មេងស្រីរងគ្រោះនៅកៀបជាប់ក្នុងល្បាក់ថ្ម។

ក្រោយរកឃើញសព សមត្ថកិច្ចនិងក្រុមសង្គ្រោះ បានស្រង់សពឡើងមកលើគោក ដើម្បីឲ្យខាងជំនាញពិនិត្យនិងធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕


