ដូចការលេចឮមុននេះមែនថា តារាចម្រៀងពេជ្រ សោភា មិនជួបវិបត្តិសេដ្ឋកិច្ចនៅរដូវកូវីដ-១៩នេះទេ ព្រោះនាងមិនពឹងលើអាជីពចម្រៀងទាំងស្រុងឡើយ ដោយនាំចូលផលិតផលមួយ មកពីប្រទេសកូរ៉េ បានប្រាក់ចំណូលជាប្រចាំ ទើបនាងចង់ទិញរថយន្ដទំនើបថែម១គ្រឿងទៀតនោះ គឺ Mercedes ដោយទិញថ្មីសន្លាង តម្លើងចេញពីក្រុមហ៊ុនតែម្ដង ឥឡូវដំណឹងនេះ គឺជាការពិតមែន ព្រោះកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ក្រុមហ៊ុន Mercedes បានបង្ហោះសារថា តារាចម្រៀងរូបនេះបានទិញរថយន្ដថ្មី Mercedes-Benz GLC200 4Matic Coupe នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ក្រុមហ៊ុនមួយនេះ ថែមទាំងបញ្ជាក់ថា នឹងបរិច្ចាគអង្ករ១០០បាវ (១បាវ ១០គីឡូ) ជូនតារាចម្រៀងពេជ្រ សោភា សម្រាប់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់ ក្នុងឆ្នាំ២០២០នេះដែរ។

អ្នកយកព័ត៌មានយើងបានឆាតតាមហ្វេសប៊ុកសួរពេជ្រ សោភា ពីតម្លៃនាងទិញរថយន្ដទំនើប Mercedes នោះ សោភា មិនប្រាប់ថា ឡាននាងទើបទិញនោះថ្លៃប៉ុន្មានឡើយ ។ ប៉ុន្ដែតារាចម្រៀងហង្សមាស រូបនេះ គ្រាន់តែបង្ហើបថា ថៅកែក្រុមហ៊ុន Mercedes នៅកម្ពុជា នោះ បានឧបត្ថម្ភជាសម្ភារៈ និងអង្ករឲ្យនាង ទៅចែកអំណោយទាំងនោះដល់ជនរងគ្រោះដោយទឹកជំនន់ ដោយគាត់ចំណាយសរុបជាទឹកប្រាក់ខ្ទង់១ម៉ឺនដុល្លារ។

ទោះជាពេជ្រ សោភា មិនប្រាប់ថារថយន្ដ Mercedes នោះថ្លៃប៉ុន្មានក៏ដោយ ប៉ុន្តែតាមព័ត៌មានថា ឡានថ្មីរបស់នាងមានតម្លៃជាង១០ម៉ឺនដុល្លារ ហើយតាមដំណឹងចុងក្រោយថា រថយន្ដប្រភេទនេះទើបតែមកដល់កម្ពុជា ៣គ្រឿងប៉ុណ្ណោះ តាមរយៈក្រុមហ៊ុនដែលអតិថិជនបញ្ជាកុម្មង់ទិញកក់មុនជាច្រើនខែ។ នេះជារថយន្ដទំនើបទី៣ របស់សោភា បន្ទាប់ពីឡាន Porsche និង Range Rover។

តាមព័ត៌មានថា សោភា និងគូស្នេហ៍នាង លោកឆឹម សក្កដា ត្រៀមធ្វើពិធីជប់លៀងរថយន្ដថ្មីនេះផងដែរ៕

