ខេត្តស្ទឹងត្រែង ៖ កម្លាំងយោធាការពារព្រំដែននៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បង្ក្រាបបានគ្រឿងញៀនជាង៤០កញ្ចប់ ទម្ងន់ប្រមាណជាង៤១គីឡូក្រាម នៅអំឡុងពេលបើកការយាមល្បាត ដើម្បីពង្រឹងសន្តិសុខនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។

គ្រឿងញៀនជាង៤០កញ្ចប់ ត្រូវបានក្រុមឧក្រិដ្ឋជននាំឆ្លងដែនពីប្រទេសជិតខាងចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវ១ខ្សែ ស្ថិតក្នុងតំបន់ព្រំដែន ចន្លោះបង្គោលឡាក់លេខ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ។ ក្រុមឧក្រិដ្ឋជនទាំងនោះបានរត់គេចខ្លួនអស់ បន្សល់ទុកតែវត្ថុតាង។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានផ្តាំផ្ញើដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវខិតខំពង្រឹងកិច្ចទំនាក់ទំនងជាមួយកម្លាំងទាំងអស់នៅតាមព្រំដែន មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនៃស្ថាប័នជាច្រើនទៀត ត្រូវបន្តសហការគ្នាដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពព្រំដែន ឱ្យបានល្អថែមទៀត ព្រោះបញ្ហាគ្រឿងញៀន គឺជាមុខសញ្ញាមួយយ៉ាងសំខាន់ ដែលក្រុមឧក្រិដ្ឋជនតែងនាំចូលមកក្នុងប្រទេស កម្ពុជា។

គ្រឿងញៀនទាំងអស់ខាងលើត្រូវបានប្រគល់ជូនខាងកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី៕

