Friday, August 22, 2025
Homeតារាខ្មែរមាស សុខសោភា ចាប់ដៃព្រាប សុវត្ថិ បាន នៅតែខាងក្រៅឬយ៉ាងណា?

មាស សុខសោភា ចាប់ដៃព្រាប សុវត្ថិ បាន នៅតែខាងក្រៅឬយ៉ាងណា?

នៅទីបំផុត អតីតតារាចម្រៀងផលិតកម្មថោន មាស សុខសោភា ដែលមិនដែលបានច្រៀងចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ជាផ្លូវការរយៈពេល២៣ឆ្នាំហើយនោះ ពេលនេះតារាល្បីល្បាញទាំង២ដួង បានចេញបទចម្រៀងឆ្លងឆ្លើយគ្នាហើយ។

ការប៉ះគ្នារវាងមាស សុខសោភា និងព្រាប សុវត្ថិ នេះ មុនពេលដែលសោភា បានប្រាប់អ្នកយកព័ត៌មានយើង កាលពីពេលថ្មីៗនេះថា នាងនឹងលេចមុខនៅផលិតកម្មមួយ នៅអំឡុងខែធ្នូ ឆ្នាំ២០២០នេះហើយ ដែលគេរំពឹងថា ភាគរយខ្ពស់ដែលសោភា នឹងទៅឈរជើងនោះ គឺនៅហង្សមាស ហើយនាងកាន់តែលែងមានឱកាសបានច្រៀងឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ ដែលឈរជើងនៅ Galaxy។

ទោះជាយ៉ាងណា ពេលនេះ សោភា និងលោកព្រាប សុវត្ថិ បែរជាអាចច្រៀងឆ្លងឆ្លើយជាមួយគ្នាបានទៅវិញ ទើបធ្វើឲ្យអ្នកខ្លះមានការសង្ស័យថា សោភា ចូល Galaxy ចោលហង្សមាស ទៀតផង។

ទោះជាយ៉ាងណា បទចម្រៀងដែលមាស សុខសោភា ច្រៀងឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ ជាលើកដំបូងនេះ ជាបទដែលផលិតឡើងបង្ហាញនូវទុក្ខសោករបស់ពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ហើយឆ្លុះបញ្ចាំងពីកងទ័ព និងគ្រូពេទ្យទៅសង្គ្រោះបងប្អូន ដែលបទនោះមានចំណងជើងថា ”ដួងចិត្តទ័ព បេះដូងពេទ្យ” ជាការនិពន្ធទំនុកច្រៀងដោយលោក សុខជំនោរ, និពន្ធបទភ្លេងដោយ ចចកសមុទ្រ។

តាមរយៈបទនេះបង្ហាញថា ទឹកដមសំឡេងមាស សុខសោភា ដែលប៉ះគ្នាជាមួយលោកព្រាប សុវត្ថិ នោះ គឺពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ព្រោះតារាទាំង២ ឈរលើកំពូលដូចគ្នា ហេតុនេះហើយបានជាទស្សនិកជនចង់ឃើញតារាចម្រៀងទាំង២ ចេញបទចម្រៀងរួមគ្នាឲ្យបានច្រើនថែមទៀត។

ប៉ុន្ដែក្រៅពីបទលក្ខណៈជាតិបែបនេះមាស សុខសោភា និងព្រាប សុវត្ថិ នៅតែគ្មានឱកាសក្នុងការចេញបទចម្រៀងសម័យរួមគ្នាដដែលប្រសិនបើសោភា នឹងទៅចូលហង្សមាសហើយព្រាប សុវត្ថិ នៅGalaxy បែបនេះ។

មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងធ្លាប់បានច្រៀងតាមបណ្ដាកម្មវិធីជប់លៀងផ្សេងៗជាមួយលោកព្រាប សុវត្ថិ ជាច្រើនដងហើយ។​ប៉ុន្ដែការធ្វើការជាមួយគ្នានៅផលិតកម្មតែមួយ ចេញបទចម្រៀង និង MV ជាមួយគ្នា គឺមិនដែលទេ ហើយលោកព្រាប សុវត្ថិ ប្រាប់នាងថា លោកចង់ច្រៀងជាមួយនាង ទោះជាមិនបាននៅផលិតកម្មជាមួយគ្នា ចេញនៅក្រៅផលិតកម្ម ក៏បានដែរ។ ចំណែករូបនាងវិញ ក៏ចង់ច្រៀងជាមួយលោកព្រាប សុវត្ថិ ដែរ ។

មាស សុខសោភា បានដើរចេញពីផលិតកម្មថោន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រោយពេលនាងរួមរស់ជាមួយទ្រនំនេះ ជាង៩ឆ្នាំ។ រយៈពេលជាង១០ឆ្នាំ ក្នុងអាជីពចម្រៀង សោភា ធ្លាប់ច្រៀងនៅផលិតកម្មរស្មីស្ទឹងសង្កែ, U2, សាន់ដេ, M និងថោន ហេតុនេះហើយ គេរំពឹងថា ទ្រនំថ្មីទី៦ របស់នាងនោះ គឺជាហង្សមាស ច្រើនជាងទៅ Galaxy ព្រោះសោភា ផ្ទាល់ ធ្លាប់និយាយថា Galaxy មិនដែលទាក់ទងនាងម្ដងណាឡើយ។

ដោយឡែកថ្មីៗនេះដែរ លោកមាស សុខរតនៈ ដែលជាបងប្រុសរបស់សោភា បានប្រាប់អ្នកកាសែតថា សោភា ធ្លាប់ត្រូវបានហង្សមាស ទាក់ទងមែន ប៉ុន្ដែ Galaxy មិនដែលឮប្អូនស្រីរបស់លោកប្រាប់ថា ធ្លាប់ទាក់ទងមកនាងម្ដងណាឡើយ។

មហាជនរង់ចាំមើលថា តើមាស សុខសោភា ដែលធ្លាប់តែទៅដល់ផលិតកម្មណា នៅតែល្បីនោះ ពេលទៅដល់ហង្សមាស នៅតែខ្លាំងទៀត ឬយ៉ាងណា?

ដោយឡែក សោភា វិញ បានប្រាប់កាលពីពេលថ្មីៗនេះថា នាងកំពុងតែខ្វាយខ្វល់ ព្រោះខ្លាចទៅផលិតកម្មថ្មី គេមិនអនុញ្ញាតឲ្យច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ដែលគ្រប់គ្រងដោយស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា នោះ ព្រោះនាងមិនចង់បិទផលិតកម្មនោះទេ។ នាងថា ចង់ធ្វើការនៅផលិតកម្មថ្មី ដោយមានសិទ្ធិសេរីភាពពេញលេញ ដូចកាលនៅថោន ដែរ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES