ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ច្ច បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីការបស់សាលាដំបូងខេត្តកណ្តាល នៅចំណុចភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ពីបទឆបោក។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង បានធ្វើការចាប់ខ្លួនជនត្រូវចោទ ឈ្មោះសេង វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅបច្ចុប្បន្ន ក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង។

សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងតាមដីកាលេខ៤២២ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ របស់លោកអ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ដែលបង្គាប់ឱ្យចាប់ខ្លួនឈ្មោះសេង វិចិត្រ ពីបទឆបោក ប្រព្រឹត្តកាលពីឆ្នាំ២០១១ នៅចំណុចភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ក្រោយការឃាត់ខ្លួន ជនត្រូវចោទ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕