ខេត្តកោះកុង ៖ ស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ បានឈឺពោះ លុះប្តីដឹកតាមម៉ូតូ ទៅកាន់មន្ទីរពេទ្យ តែមិនទាន់ទៅដល់ពេទ្យផង ក៏កើតកូនតាមផ្លូវ នៅលើស្ពានកោះកុង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ។

ស្ត្រីដែលឈឺពោះសម្រាលកូនតាមផ្លូវនោះ មានឈ្មោះ វុធ ចិន្តា មានលំនៅក្នុងភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្រ្តីខាងលើដែលមានផ្ទៃពោះគ្រប់ខែ បានឈឺពោះ ទើបបុរសជាប្តីប្រញាប់បើកម៉ូតូដឹកប្រពន្ធ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត តែពេលធ្វើដំណើរមកដល់លើស្ពានកោះកុង ស្រាប់តែស្រ្តីជាប្រពន្ធបានប្រាប់ប្តីថា កូនកើតចេញមកហើយ ទើបប្តីប្រញាប់ឈប់ម៉ូតូ បីប្រពន្ធចុះ ស្រាប់តែទារកក្នុងផ្ទៃលៀនក្បាលចេញមកទៅហើយ ធ្វើឲ្យប្តីប្រពន្ធនេះភ័យស្លាន់ស្លោ គាប់ជួនមានអ្នកដំណើរឆ្លងកាត់ទីនោះ បានឃើញ ក៏ជួយទាក់ទងហៅក្រុមគ្រូពេទ្យមកជួយ ។

ប្រភពដដែល បន្តថា ភ្លាមៗនោះ ក្រុមគ្រូពេទ្យឆ្មប ក៏បានមកដល់ ជួយបង្កើតកូនឲ្យស្ត្រីខាងលើ នៅលើស្ពានកោះកុង នោះ ដោយសុវត្ថិភាព ទាំងម្តាយនិងកូន ។ បន្ទាប់មកក៏បានដឹកបញ្ជូនទៅព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕

