Thursday, April 25, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន បញ្ជា​ឱ្យ​ពង្រឹង​ការ ទប់​ស្កាត់​និង​បង្ក្រាប​អំពើ​រត់​ពន្ធ

សម្តេច​ហ៊ុន សែន បញ្ជា​ឱ្យ​ពង្រឹង​ការ ទប់​ស្កាត់​និង​បង្ក្រាប​អំពើ​រត់​ពន្ធ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ បទបញ្ជាដល់កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ព្រមទាំងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចគយនិង រដ្ឋាករ ដើម្បីពង្រឹងការស្រាវជ្រាវ ទប់ស្កាត់ និង បង្ក្រាបនូវរាល់អំពើរត់គេចពន្ធទាំងឡាយឱ្យ មានប្រសិទ្ធភាព។

យោងតាមលិខិតបញ្ជារបស់រាជរដ្ឋាភិបាល កម្ពុជា លេខ ០១ ប.ប ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ស្តីពីវិធានការបង្កើន ប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ មានខ្លឹមសារថា “កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានចេញជាបន្តបន្ទាប់នូវអនុក្រឹត្យ លិខិតបញ្ជា ឬសារាចរណែនាំនានាមួយចំនួន ក្នុងគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាពក្នុង ការគ្រប់គ្រង និងកែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធតាម គ្រប់រូបភាព មានជាអាទិ៍ ៖ លិខិតបញ្ជាលេខ ២៣ល.ប ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៨ ស្តីពីវិធានការទប់ស្កាត់អំពើរត់គេចពន្ធនៅតាម ច្រកចេញចូល ព្រំដែន សារាចរលេខ ០៦ស.រ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៩ ស្តីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការ កែទម្រង់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ និង អនុក្រឹត្យ លេខ ៦៩អនក្រ.បក ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកំណត់ និងការ គ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែន ទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ប៉ុន្តែរាជរដ្ឋាភិបាល ក៏បានសង្កេតឃើញ ថា ប្រសិទ្ធភាពនៃការទប់ស្កាត់ និងការបង្ក្រាប អំពើរត់គេចពន្ធ ពុំទាន់ត្រូវបានបង្កើនឱ្យអស់លទ្ធភាពនៅឡើយ។ ក្រៅពីធ្វើឱ្យប៉ះពាល់ ដោយផ្ទាល់ដល់ចំណូលថវិការដ្ឋ អំពើរត់គេចពន្ធ បានធ្វើឱ្យមានអំពើអយុត្តិធម៌ក្នុងការប្រកួតប្រជែងពាណិជ្ជកម្មថែមទៀត។ ហេតុនេះ វាគឺ ជាកម្មវត្ថុដ៏ក្តៅគគុកក្នុងខ្សែភ្នែកមហាជន ធុរជន វិនិយោគិន ក៏ដូចជាសហគមន៍អ្នកផ្តល់ជំនួយ និងបណ្តាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នានាផងដែរ នាពេលបច្ចុប្បន្ននេះ។

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ រាជរដ្ឋាភិបាលសម្រេច ចេញបទបញ្ជាដូចខាងក្រោម ៖

កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ មានកាតព្វកិច្ច គាំទ្រ និងចូលរួមសហការយ៉ាងសកម្មបំផុត ប្រកបដោយភាពស្មោះស្ម័គ្រ និងទាន់ពេលវេលា ជាមួយសមត្ថកិច្ចគយនិងរដ្ឋាករ ក្នុងការ អនុវត្តន៍ការងារស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាប អំពើរត់គេចពន្ធនៅរាល់ពេលដែលសមត្ថកិច្ច នេះ ស្នើសុំការគាំទ្រ និងការចូលរួមសហការ ជាផ្លូវការ ដោយចៀសវាងការលូកដៃធ្វើកិច្ចការរបស់សមត្ថកិច្ចគយនិងរដ្ឋាករដោយផ្ទាល់។ សមត្ថកិច្ចគយនិងរដ្ឋាករ ត្រូវធ្វើទំនាក់ទំនង ចំហជាផ្លូវការជាមួយអង្គភាពមានសមត្ថកិច្ច្ច ពាក់ព័ន្ធដែលត្រូវចូលរួមធ្វើប្រតិបត្តិការ ចៀសវាងការធ្វើទំនាក់ទំនងជាបុគ្គល។ កិច្ចប្រតិបត្តិការនេះ ត្រូវដំណើរការប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានលក្ខណៈច្បាស់លាស់ ស្រប តាមទ្រង់ទ្រាយ ទំហំ និងភាពចាំបាច់នៃករណី នីមួយ ដោយចែកចេញជាបីប្រភេទ ដូចខាង ក្រោម ៖

.ប្រភេទទី១ ៖ គឺជាប្រភេទប្រតិបត្តិការបង្ក្រាបអំពើល្មើសគេចពន្ធទ្រង់ទ្រាយធំ ប្រកបដោយការត្រៀមទប់ទល់ និងមានការ ចាត់តាំងជាខ្សែរយៈគ្រោងទុកជាមុន ដែល អាជ្ញាធរគយនិងរដ្ឋាករ ត្រូវការការគាំទ្រនិង ការចូលរួមសហការពីកម្លាំងសរុបអន្តរក្រសួង។ ប្រតិបត្តិការបង្ក្រាបអំពើល្មើសគេចពន្ធប្រភេទ ទី១ នេះ ត្រូវស្ថិតក្រោមការដឹកនាំរបស់គណៈកម្មការអន្តរក្រសួងមួយ ដែលមានសមាសភាព ដូចតទៅ ៖

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន

អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា អនុប្រធានអចិន្ត្រៃយ៍

នាយរងសេនាធិការចម្រុះ នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សមាជិក

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស សមាជិក

ប្រធាននាយកដ្ឋានកណ្តាលនគរបាល យុត្តិធម៌ សមាជិក

អនុប្រធានអាជ្ញាធរប្រេងកាតជាតិ កម្ពុជា សមាជិក

អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល សមាជិក

ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាប បទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា សមាជិក

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិ ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ និងមធ្យោបាយការងារនានា ដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងស្ថាប័ន ឬអង្គភាពសាមីពាក់ព័ន្ធ តាមទំហំសមស្របមួយ ដោយមានការឯកភាព ពីប្រធាន តាមការស្នើសុំពីអនុប្រធានអចិន្ត្រៃយ៍ និងមានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ភារកិច្ចរបស់គណៈកម្មការអន្តរក្រសួង នេះ រួមមាន ៖

ចាត់វិធានការស្រាវជ្រាវ ទប់ស្កាត់ និងដឹកនាំការធ្វើប្រតិបត្តិការបង្ក្រាបអំពើល្មើស រត់គេចពន្ធទំនិញគ្រប់ប្រភេទ ដែលមានទ្រង់ទ្រាយធំនៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល ស្របតាមច្បាប់និងលិខិតបទដ្ឋានជាធរមាន

ប្រជុំ ធ្វើការបូកសរុប និងវាយតម្លៃចំណុច ខ្លាំងចំណុចខ្សោយនានា នៃការអនុវត្តន៍នូវលិខិត បញ្ជានេះ

ចាត់តាំងផ្សព្វផ្សាយ និងជូនដំណឹងឱ្យ បានទូលំទូលាយដល់កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធតាមមូលដ្ឋាន និងទីតាំងចាំបាច់នានា ឱ្យបានយល់ដឹងនិងស្គាល់កាតព្វកិច្ចរៀងៗខ្លួន ក្នុងការចូលរួមកិច្ចសហការនេះ មានជាអាទិ៍ ការបើកធ្វើសិក្ខាសាលា ការប្រជុំផ្សព្វផ្សាយ ឬ តាមរយៈការបោះពុម្ពចែកចាយនូវកម្រងឯកសារច្បាប់ លិខិតបទដ្ឋាន និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន

លើកឡើងនូវបណ្តាវិធានការពង្រឹងបន្ថែម និងកែលំអការអនុវត្តតាមតម្រូវការជាក់ស្តែង ដើម្បីស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបអំពើ រត់គេចពន្ធលើទំនិញគ្រប់ប្រភេទ ឱ្យកាន់តែមាន ប្រសិទ្ធភាពឡើងជាលំដាប់

រាយការណ៍អំពីលទ្ធផលការងារជូនរាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី។

.ប្រភេទទី២ ៖ គឺជាប្រភេទប្រតិបត្តិការ ដែលមានទ្រង់ទ្រាយមធ្យម ប្រកបដោយការត្រៀមទុកជាមុន ដែលអាជ្ញាធរគយ  និងរដ្ឋាករ ត្រូវការការគាំទ្រនិងការចូលរួមពី កម្លាំងកងប្រដាប់អាវុធ ឬអាជ្ញាធរដែនដីគ្រប់ ជាន់ថ្នាក់ តាមមូលដ្ឋាន រាជធានីខេត្ត ពាក់ព័ន្ធ នីមួយៗ។ ប្រតិបត្តិការបង្ក្រាបអំពើល្មើសគេច ពន្ធដែលមានទ្រង់ទ្រាយមធ្យមនេះ ត្រូវស្ថិត ក្រោមការដឹកនាំរបស់គណៈកម្មាការចម្រុះ តាម រាជធានីខេត្តនីមួយៗ ដែលមានសមាសភាព ដូចខាងក្រោម ៖

អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ប្រធាន

ប្រធានសាខាគយនិងរដ្ឋាកររាជធានីខេត្ត អនុប្រធានអចិន្ត្រៃយ៍

មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត សមាជិក

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង រាជធានីខេត្ត សមាជិក

ស្នងការនៃស្នងការដ្ឋាននគរបាល រាជធានីខេត្ត សមាជិក

ប្រធានសាខាកាំកុងត្រូលរាជធានីខេត្ត សមាជិក

ក្នុងករណីដែលប្រតិបត្តិការមានទ្រង់ទ្រាយ មធ្យមនេះ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ឬ តាមបណ្តាខេត្តដែលពុំទាន់មានសាខាគយនិង រដ្ឋាករ ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាប បទល្មើស នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ត្រូវទទួលជាអនុប្រធានអចិន្ត្រៃយ៍នៃ គណៈកម្មការនេះ។

គណៈកម្មការចម្រុះនេះ មានសិទ្ធិប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធ និងមធ្យោបាយការងារ នានា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពសាមីពាក់ព័ន្ធ តាមទំហំសមស្របមួយ ដោយមានការឯកភាពពីប្រធាន តាមការស្នើសុំ ពីអនុប្រធានអចិន្ត្រៃយ៍ និងមានសិទ្ធិប្រើប្រាស់ ត្រារបស់សាលារាជធានីខេត្តនីមួយៗ។

ភារកិច្ចរបស់គណៈកម្មការចម្រុះនេះ តាម រាជធានីខេត្ត រួមមាន ៖

ចាត់វិធានការស្រាវជ្រាវ ទប់ស្កាត់ និង ដឹកនាំការធ្វើប្រតិបត្តិការបង្ក្រាបអំពើល្មើស រត់គេចពន្ធទំនិញគ្រប់ប្រភេទដែលមានទ្រង់ទ្រាយមធ្យម តាមមូលដ្ឋានរាជធានីខេត្តសាមី ស្របតាមច្បាប់និងលិខិតបទដ្ឋានជាធរមាន

ប្រជុំ ធ្វើការបូកសរុប និងវាយតម្លៃចំណុច ខ្លាំងចំណុចខ្សោយនានានៃការអនុវត្តនូវលិខិត បញ្ជានេះ និងលើកវិធានការអនុវត្តបន្ត

រាយការណ៍អំពីលទ្ធផលការងារដែល សម្រេចបានជូនគណៈកម្មការអន្តរក្រសួងខាងលើ ដោយចម្លងជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីស្តីការគណៈរដ្ឋមន្ត្រី។

.ប្រភេទទី៣ ៖ គឺជាប្រភេទប្រតិបត្តិការស្រាវជ្រាវ ពួនស្ទាក់ជាលក្ខណៈបន្ទាន់ បំផុត ក្នុងការតាមដានប្រកិត ជាលក្ខណៈបទល្មើសជាក់ស្តែង និងការដេញចាប់ភ្លាម ដែល អាជ្ញាធរគយនិងរដ្ឋាករ ត្រូវការការចូលរួមគាំទ្រ និងសហការជាបន្ទាន់បំផុតពីកម្លាំងប្រដាប់អាវុធ គ្រប់អង្គភាព ឬអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលកំពុងឈរជើងបំពេញភារកិច្ច ឬកំពុងស្ថិត នៅក្នុងទីជិតបំផុត នៃកន្លែងកើតហេតុនីមួយៗ។ កងកម្លាំងប្រដាប់អាវុធ ឬអាជ្ញាធរដែនដី មាន កាតព្វកិច្ចគាំទ្រនិងចូលរួមសហការជាបន្ទាន់ តាមការស្នើសុំនេះ ដោយពុំចាំបាច់រង់ចាំការ អនុញ្ញាត ឬបទបញ្ជាណាផ្សេងក្រៅពីលិខិត ស្នើសុំការគាំទ្រនិងសហការជាផ្លូវការរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលនឹង កំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ។

កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដែលបានពិនិត្យឃើញ នូវបទល្មើសគយជាក់ស្តែងនានា ត្រូវជូនដំណឹង ជាបន្ទាន់ដល់សមត្ថកិច្ចគយនិងរដ្ឋាករ ដែល កំពុងឈរជើងបំពេញភារកិច្ចនៅកន្លែងជិតបំផុត នៃកន្លែងកើតហេតុ ដើម្បីសហការគ្នាឃាត់ទុក ជាបណ្តោះអាសន្ននូវមធ្យោបាយដឹកជញ្ជូននិង ទំនិញល្មើសនេះ និងចូលរួមធ្វើកំណត់ហេតុ ល្មើសច្បាប់គយ តាមទម្រង់និងនីតិវិធីជាធរមាន។ ដោយឡែក ទំនិញនិងមធ្យោបាយដឹកជញ្ជូន ត្រូវចាត់ចែងបញ្ជូនជាបន្ទាន់ តាមដែល អាចធ្វើទៅបាន ទៅកាន់ការិយាល័យគយ និង រដ្ឋាករ ដែលនៅជិតបំផុត ដើម្បីថែរក្សាគ្រប់គ្រង រង់ចាំការសម្រេចវិនិច្ឆ័យតាមច្បាប់ និង លិខិតបទដ្ឋានធរមាន ពីស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុក រ៉ាប់រងនូវការចំណាយចាំបាច់នានាក្នុងប្រតិបត្តិការនីមួយៗ ក៏ដូចជាការចំណាយសម្រាប់ ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តផ្សេងៗ ចំពោះ ប្រតិបត្តិករដែលបានចូលរួម ដោយមានសិទ្ធិ ប្រើប្រាស់ទឹកប្រាក់នៃផលដែលបានមកពីប្រតិបត្តិការបង្ក្រាបនីមួយៗ ដែលត្រូវកំណត់ដោយ ប្រកាសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុង ករណីទឹកប្រាក់ដែលត្រូវផ្តល់រង្វាន់លើសពី១០០ លានរៀល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវ សុំយោបល់សម្រេចពីប្រមុខរាជរដ្ឋាភិបាល។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយ ពីលិខិតបញ្ជានេះ ត្រូវចាត់ទុកជានិរាករណ៍។

ទទួលបានលិខិតបញ្ជានេះ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្ត តាមខ្លឹមសារខាងលើ ឱ្យបានសម្រេចលទ្ធផល ល្អប្រសើរ”

ដោយ ៖ ដារិទ្ធ

RELATED ARTICLES