Friday, August 22, 2025
Homeតារាខ្មែរលោកព្រាប សុវត្ថិ ប្រឈមអត់ទាំង២ ឬយ៉ាងណា?

លោកព្រាប សុវត្ថិ ប្រឈមអត់ទាំង២ ឬយ៉ាងណា?

អតីតតតារាចម្រៀងហង្សមាស លោកព្រាប សុវត្ថិ បានចេញបទចម្រៀងនៅផលិតកម្មថ្មី Galaxy ផ្ទួនៗ ដែលពេលនេះជិតបាន១០បទទៅហើយ។ ប៉ុន្ដែហ្វេនលោកមួយចំនួន មិនទាន់ពេញចិត្តនូវបទចម្រៀងទាំងនោះ ដូចកាលលោកច្រៀងនៅផលិតកម្មហង្សមាស ឡើយ ព្រោះតែអ្នកនិពន្ធបានសរសេរបទចម្រៀងឲ្យលោក ក្មេងជាងវ័យ ហើយស្ទីលច្រៀងសម្ដែងរបស់លោក ដូចកាលតារារូបនេះច្រៀងនៅហង្សមាស កាលពីឆ្នាំ១៩៩៨ ដែរ ពោលគឺមានរយៈពេល២២ឆ្នាំមកហើយ តែត្រូវបានគេយកមកប្រើម្ដងទៀត។

ផលិតកម្ម Galaxy ក៏មិនបញ្ចប់សកម្មភាពព្រាប សុវត្ថិ ត្រឹមការច្រៀងទោល និងសម្ដែងម្នាក់ឯងនេះដែរ ដោយផលិតកម្មថ្មី តែមានលុយធំនេះបានរៀបជើងព្រួល ត្រូវតែទាញយកតារាចម្រៀងស្រីល្បីឈ្មោះណាម្នាក់ មកធ្វើជាដៃគូដ៏ស័ក្តិសមបំផុតជាមួយព្រាប សុវត្ថិ ទាំងច្រៀងសម្ដែង។

ជំហានទី១. គឺមាស សុខសោភា ខណៈដែលជំហានទី២. គឺនាងពេជ្រ សោភា ដែលក្នុងចំណោមតារាចម្រៀងស្រីល្បីឈ្មោះទាំង២នេះ បើបានទាំង២ គឺយកទាំងគូតែម្ដង តែបើបានម្នាក់ណាក៏បានដែរ ទោះជាស្ថិតក្នុងការចំណាយលុយធំប៉ុនណា ក៏ Galaxy មិនញញើតក្នុងការចាយដែរ ព្រោះនៅថ្ងៃប្រកាសទទួលលោកព្រាប សុវត្ថិ ធ្វើជាសមាជិក Galaxy កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នោះ លោកឡេង ណាវ៉ាត្រា ដែលជាថៅកែផលិតកម្ម បានបញ្ជាក់ថា ដោយសារតែការស្រលាញ់សិល្បៈ តែលោកគ្មានសមត្ថភាពច្រៀង​សម្ដែង ទើបលោកបើកផលិតកម្មនេះឡើង ដោយនឹងយកប្រាក់ចំណេញដែលលោកបានធ្វើជំនួញ ពី២០ទៅ៣០ភាគរយ មកធ្វើសិល្បៈ។

ការអះអាងរបស់ថៅកែផលិតកម្មដោយឆន្ទៈខ្ពស់បែបនេះហើយ ទើបធ្វើឲ្យលោកព្រាប សុវត្ថិ បាយបាយពីហង្សមាស ដោយគ្មានអាល័យអនុស្សាវរីយ៍ ២៣ឆ្នាំកន្លងទៅ។

ប៉ុន្ដែបើក្រឡេកមើលមាស សុខសោភា និងពេជ្រ សោភា ពេលនេះវិញ មិនដូចលោកព្រាប សុវត្ថិ ឡើយ ព្រោះសោភា មានដំណឹងថា នាងបានមើលរំលង Galaxy ទៅហើយ នឹងជិតក្លាយជាសមាជិករបស់ហង្សមាស នាពេលខាងមុខនេះ ខណៈដែលសោភា វិញថា មិនទាន់អស់និស្ស័យជាមួយហង្សមាស ដែលនាងបានជ្រកកោន ជាង១៥ឆ្នាំនោះទេ។

កាលៈទេសៈបែបនេះ មានន័យថា ព្រាប សុវត្ថិ អាចប្រឈមការមិនបានដៃគូតារាចម្រៀងស្រី ដែលស័ក្តិសមក្នុងការចាប់ដៃជាមួយលោកទាំង២តែម្ដង ប្រសិនបើគ្មានការវិវត្តនៃការប្រែប្រួលចុងក្រោយនេះទេ។

ដោយឡែក មហាជនវិញ ភាគច្រើនលើសលប់ដែលចង់ឲ្យលោកព្រាប សុវត្ថិ ចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀងសំនៀងផ្អែម មាស សុខសោភា ដោយសំអាងថា រយៈពេល២៣ឆ្នាំមកហើយ ដែលអ្នកទាំង២ មិនដែលច្រៀងនៅផលិតកម្មជាមួយគ្នាទេ បើទោះជាសមត្ថភាពតារាទាំង២ ស័ក្តិសមធ្វើជាដៃគូគ្នាបំផុតក្ដី។ ប៉ុន្តែលោកព្រាប សុវត្ថិ ធ្លាប់ចាប់ដៃគូជាមួយពេជ្រ សោភា ជោគជ័យច្រើនដែរ អំឡុងពេលដែលអ្នកទាំង២ រួមផលិតកម្មជាមួយគ្នានៅហង្សមាស។

អ្នកជំនាញសិល្បៈបានលើកឡើងថា ទោះជាទស្សនិកជនមួយចំនួនយល់ថា ពេលនេះបទចម្រៀងព្រាប សុវត្ថិ នៅ Galaxy មិនសូវមានគុណភាពដូចកាលលោកច្រៀងនៅហង្សមាស ក្ដី ប៉ុន្ដែសមត្ថភាពរបស់លោកគ្មានការប្រែប្រួលទេ គឺសំឡេងនៅតែល្អ និងខ្លាំងដដែល ហេតុនេះហើយមិនយូរមិនឆាប់ ព្រាប សុវត្ថិ នឹងមានបទដែលធ្វើឲ្យគ្រប់មជ្ឈដ្ឋានទទួលយកបានវិញជាមិនខានឡើយ។

ចំណែកករណីមាស សុខសោភា និងពេជ្រ សោភា នៅតែមិនអាចចាប់ដៃព្រាប សុវត្ថិ ច្រៀងជាដៃគូនោះ នៅ Galaxy នោះ គេជឿថា ជម្រើសបន្ទាប់របស់ផលិតកម្មនេះ នឹងយកកញ្ញាតន់ ច័ន្ទសីម៉ា ទៅឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ ជាមិនខាន ដែលពេលនោះ សីម៉ា នឹងហក់លោតឡើងមួយក្រឺតទៀត ហើយក៏ជាសញ្ញាមួយដែលបញ្ជាក់ថា ព្រាប សុវត្ថិ ជាតារាមិនប្រកាន់ក្នុងការចាប់ដៃគូ ឬផ្ដល់ឱកាសឲ្យតារាវ័យក្មេងផងដែរ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES