Saturday, September 20, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ផ្លូវក្រោមដី រង្វង់មូលចោមចៅ

សម្តេចហ៊ុន សែន ប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ផ្លូវក្រោមដី រង្វង់មូលចោមចៅ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នផ្លូវក្រោមដី ត្រង់រង្វង់មូលចោមចៅ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលកំពុងសាងសង់ស្ពានអាកាសផងដែរនោះ។

ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង៨២៤ម៉ែត្រ មានទទឹង២៤,៥០ម៉ែត្រគ្រោងចំណាយពេលសាងសង់៣៥ខែ ដោយចំណាយថវិកា៣៨លានដុល្លារ។ ដោយឡែក ស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់១២ខែ និងចំណាយថវិកា១ ៦០៦ ៣៥៣ដុល្លារអាមេរិក។

ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ជាពិសេសជួយកាត់បន្ថយការកកស្ទះនៅស្ពានព្រះមុនីវង្ស។

សម្តេចហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ស្ពាននេះ ។

ហើយនៅថ្ងៃនេះផងដែរ តបតាមការស្នើសុំពីអភិបាលរាជធានីភ្នំពេញ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវផ្លូវក្រោមដី ត្រង់រង្វង់មូលចោមចៅ ដែលមានប្រវែង៤៨៨ម៉ែត្រ ឲ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្ន ចាប់ពេលនេះតទៅ។ ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ក៏សុំឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ ទៅភ្ជាប់សេវាទូរស័ព្ទនៅផ្លូវក្រោមដីនោះ ដើម្បីកុំឲ្យដាច់សេវា ពេលធ្វើដំណើរដល់ផ្លូវក្រោមដីនោះ៕

RELATED ARTICLES