Thursday, August 21, 2025
Homeព័ត៌មានជាតិមិនថា មុខប៉ូលិស ឬអ្នករកស៊ីដូចគ្នា គាត់តែងក្អេងក្អាងបែបនេះ ឥឡូវប៉េអឹមឃាត់ខ្លួន

មិនថា មុខប៉ូលិស ឬអ្នករកស៊ីដូចគ្នា គាត់តែងក្អេងក្អាងបែបនេះ ឥឡូវប៉េអឹមឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងសង្កាត់រដ្ឋបាលជលផលស្រុកជលគិរី បង្ក្រាបនិងឃាត់ខ្លួន បន្ទាប់ពីបានដឹកត្រីនុយស្បៃមុង ហើយយកឈ្មោះថ្នាក់ដឹកនាំ មកអួតក្អេងក្អាង គំរាមសមត្ថកិច្ចនិងអ្នករកស៊ីដូចគ្នា។

ការបង្ក្រាបនិងឃាត់ខ្លួនបុរសខាងលើ ដឹកនាំដោយលោកគង់ សារឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកជលគិរី កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចចិន ឃុំពេកគ្រី ស្រុកជលគិរី។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឃឹម រតនៈ អាយុ៣១ឆ្នាំ ប្រកបរបរជាអ្នកបើកបររថយន្ត មានលំនៅបច្ចុប្បន្ន ភូមិតាសែន ឃុំសុទឹម ស្រុកជើងព្រៃ។

ក្រោយការឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកជលគិរី បានរាយការណ៍ជូនមេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង និងសុំការអនុញ្ញាតពីលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីនាំខ្លួនយកមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសាកសួរ និងកសាងឯកសារបញ្ជូនបន្តទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចបានដកហូតរថយន្ត មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ១តោនកន្លះ ១គ្រឿង កូនត្រី៣០ប៊ីដុង ក្នុង១ប៊ីដុង ទម្ងន់២៤គីឡូក្រាម។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងបង្ក្រាប ក៏ដូចជាប្រជានេសាទ បានឱ្យដឹងថា រថយន្តនេះជារបស់ថៅកែម្នាក់ មានលំនៅផ្សារផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ជាឈ្មួញម្នាក់ដែលល្បីល្បាញខាងរកស៊ីបទល្មើសដឹកកូនត្រី របាំងស្បៃមុង ហើយបានយកឈ្មោះអ្នកធំ មកអួតអាង ដើម្បីគំរាមបន្លាចសមត្ថកិច្ច ក៏ដូចជាអ្នកដែលរកស៊ីដូចគ្នា មិនហ៊ានប្រជែងជាមួយគាត់ឡើយ ហើយតែងតែធ្វើបាបគេឯងទៀតផង ព្រមទាំងបានជំរុញឱ្យអ្នកប្រព្រឹត្តបទល្មើសនេសាទដាក់ស្បៃមុង នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ជាអ្នកលក់ត្រីឱ្យគាត់ ដោយមានឈ្មោះជា អ៊ិត និងប្រពន្ធ ជាមេខ្លោង។

ពាក់ព័ន្ធនឹងករណីបង្ក្រាបខាងលើនេះ ប្រជាពលរដ្ឋបានសំណូមពរឱ្យព្រះរាជអាជ្ញា មានចំណាត់ការលើជនពាក់ព័ន្ធទាំងនោះ ជាប្រយោជន៍ដម្បីទប់ស្កាត់ និងលុបបំបាត់បទល្មើសនេសាទ និងភាពយុត្តិធម៌របស់សង្គម ការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ កុំឲ្យជនប្រភេទខាងលើនេះយកមកប្រើផ្តេសផ្តាស៕

RELATED ARTICLES