Thursday, August 21, 2025
Homeព័ត៌មានជាតិពួកគាត់មកពីធ្វើការវិញ ឃើញផ្ទះហើយ នាំគ្នាសោកស្តាយ

ពួកគាត់មកពីធ្វើការវិញ ឃើញផ្ទះហើយ នាំគ្នាសោកស្តាយ

ខេត្តព្រះសីហនុ ៖ ប្តីប្រពន្ធ១គូ បានចែកផ្លូវគ្នាចេញទៅធ្វើការរៀងៗខ្លួន ដោយចាក់សោផ្ទះចោល ស្រាប់តែទុស្សេខ្សែភ្លើង បណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ជាប្រភេទផ្ទះតៀមផ្ទាល់ដី សង់អំពីឈើប្រក់ដំបូលស័ង្កសី និងបាំងជញ្ជាំងស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះទប់ ធង ភេទស្រី មុខរបរកម្មការិនីរោងចក្រសាឡុង មានប្តីឈ្មោះឡាយ វណ្ណៈ អាយុ៣៧ឆ្នាំ មុខរបរកម្មករដាក់ឥដ្ឋ និងមានកូនស្រីចំនួន២នាក់ ក្នុងបន្ទុក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធជាម្ចាស់ផ្ទះ បាននាំគ្នាចេញទៅធ្វើការរៀងៗខ្លួន ចំណែកកូនៗក៏ចេញទៅសាលាអស់ដែរ ទើបចាក់សោទ្វារផ្ទះចោល លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញមានផ្សែងខ្មួលខ្មាញ់បានហុយចេញពីផ្ទះខាងលើ និងបង្កទៅជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង។

ភ្លាមៗនោះ ប្រជាពលរដ្ឋក្បែរខាងបាននាំគ្នាជួយបាញ់ទឹកពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ១គ្រឿង មកជួយអន្តរាគមន៍ភ្លាមៗ និងបានបាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង ដោយមិនរាលដាលដល់ផ្ទះអ្នកជិតខាង ឬបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់ឡើយ។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋាន ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ កើតឡើងដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) និងបានបង្កឱ្យរងការខូចខាត រួមមាន ផ្ទះ១ខ្នងទាំងស្រុង ខោអាវ មុងភួយ និងទូរទស្សន៍ ១គ្រឿង ព្រមទាំងរបស់របរប្រើប្រាស់មួយចំនួនទៀត៕

RELATED ARTICLES