Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិការ​កសាង​ផ្លូវ​ល្បឿន​លឿន​ពីភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ នឹង​ចាប់​ផ្តើម​ឆាប់ៗ​នេះ

ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ពីភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ នឹង​ចាប់​ផ្តើម​ឆាប់ៗ​នេះ

ភ្នំពេញ ៖ គំរោងសាងសង់ផ្លូវហាយវេល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែងជាង២០០គីឡូម៉ែត្រ នឹងអាចចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងនៅល្ងាចថ្ងៃទី១២ តុលានេះថា តាមរយៈប្រធានាធិបតីប្រទេសចិននៅថ្ងៃទី១៣ តុលានេះ នឹងមានការចុះហត្ថកលេខាលើកិច្ចព្រមព្រៀងទៅក្របខ័ណ្ឌលើការសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់ជិត២០០០លានដុល្លារអាមេរិក។លោកបន្តថា ផ្លូវនេះជាប្រភេទផ្លូវហាយវេ ដែលមានផ្លូវរត់របស់រថយន្តពីរទៅ ពីរមកទាំងសងខាង។ បន្ថែមពីលើនេះក៏នឹងមានចុះហត្ថលេខាសាងសង់ស្ពាននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពៅទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

br

លោកបន្តថា នៅមានគំរោងច្រើនណាស់ ដែលមិត្តចិនបានឯកភាពផ្តល់កម្ចីជាលក្ខណៈសម្បទាន និងជំនួយឥតសំណង ដែលតាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ឯកឧត្តមស៊ី ជីនពីងមកកម្ពុជា នឹងមានការចុះហត្ថលេខាស្តារឡើងវិញនូវផ្លូវជាតិលេខ៧ ពីខេត្តស្ទឹងត្រែងទៅកាន់ខេត្តរតនៈគិរីឡើងវិញ ដោយក្រាលកៅស៊ូបេទីមA Cជាជំនួយឥតសំណង់ ដែលជំហ៊ានទី១មានប្រវែង៩០គីឡូម៉ែត្រ និងជំហ៊ានទី២មានប្រវែង១០០គីឡូម៉ែត្រ។ ចិននឹងផ្តល់កម្ចីសម្បទានថ្មីមួយទៀត លើការស្តារផ្លូវជាតិលេខ១១ពីអ្នកលឿង ទៅកាន់ខេត្តកំពង់ចាមផងដែរ។

លោកស៊ុន ចាន់ថុលបានបន្តថា ចិនក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តារផ្លូវដែកម្ពុជាពីភ្នំពេញ ទៅប៉ោយប៉ែត ដើម្បីរកថវិកាសាងសង់ផ្លូវដែកនេះឲ្យស្របតាមស្តង់ដាអន្តរជាតិ ដើម្បីដឹកទំនិញ កសិផលពីប៉ៃលិន ពីបាត់ដំបង ដល់កំពង់ផែខេត្តព្រះសីហនុតែម្តង។លើសពីនេះ ចិននិងកម្ពុជាក៏មានចុះហត្ថលេខាលើការទទួលប្រាក់កម្ចី សាងសង់ផ្លូវជាតិលេខ៥១  និងមានការចុះហត្ថលេខាលើប្រាក់កម្ចីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២ និងពេលឆាប់ៗខាងមុខនេះ នឹងមានការចចារសាងសង់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣បន្ថែមទៀត ដើម្បីសម្រួលកុំឲ្យមានដឹកទំនិញចូលក្រុង។

br1

កម្ពុជាក៏នឹងស្នើសុំឲ្យចិនជួយសិក្សាពីការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ នៅពេលខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបន្តថា ប្រទេសចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៤កន្លងមក ដោយរហូតមកទល់នេះចិនបានជួយកសាងផ្លូវចំនួន២០ខ្សែ និងមានទឹកប្រាក់ជិត១០០០លានដុល្លារអាមេរិក និងផ្លូវចំនួន៥ខ្សែទៀតកំពុងសាងសង់ដែលមានប្រវែងជិត៧០០គីឡូម៉ែត្រ និងចំណាយថវិការប្រមាណ៦០០លានដុល្លារអាមេរិក។ លើសពីនេះចិនបានជួយកសាងស្ពានមិត្តភាពកម្ពុជា ចិនចំនួន៦កន្លែងមានប្រវែង៦៤០០ម៉ែត្រ និងថវិកាជិត២០០លានដុល្លារអាមេរិក និងស្ពានមិត្តភាពកម្ពុជា ចិនមួយទៀតនៅស្រុកកោះធំខេត្តកណ្តាល មានប្រវែង៤១៥ម៉ែត្រ ចំណាយថវិកា២០លានដុល្លារអាមេរិក។

ក្រៅពីនោះមិត្តចិន ក៏បានផ្តល់ឥណទានកសាងកំពង់ផែស្វយ័ត្នភ្នំពេញ នៅស្រុកកៀនស្វាយ ក្នុងខេត្តកណ្តាលផងដែរ។ បន្ថែមលើការផ្តល់ថវិកាយកមកកសាងផ្លូវ ស្ពាន កំពង់ផែ ភាគីចិនក៏បានជួយរៀបចំកសាងនូវផ្លូវមេនៅទូទាំងប្រទេសកម្ពុជា និងសិក្សាប្លង់ផ្លូវល្បឿនលឿននៅកម្ពុជា ជួយបណ្តុះបណ្តាលមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនផងដែរ។ឯកឧត្តមស៊ុន ចាន់ថុលបញ្ជាក់ឲ្យដឹង។

ថ្មីៗនេះលោកទេសរដ្ឋមន្រ្តីបានទៅទស្សនកិច្ចទៅកាន់ប្រទេសចិន ដោយបានជួបជាមួយរដ្ឋមន្រ្តីដឹកជញ្ជូនចិន ហើយភាគីទាំងពីរក៏បានឯកភាពសុំឲ្យភាគីកម្ពុជា ពិសេសក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូនចិនចុះហត្ថលេខាជាមួយគ្នា ក្នុងការបណ្តុះបណ្តាលមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លើវិស័យជួសជុល ថែរទាំ កសាងហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា។ម្យ៉ាវិញទៀតភាគីចិនក៏បានឯកភាពផ្តល់នូវសម្ភារៈ គ្រឿងចក្រសម្រាប់ជួលជុលផ្លូវនៅកម្ពុជាផងដែរ៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES