Thursday, April 25, 2024
Homeសេដ្ឋកិច្ចជាតិកាហ្វេ​កម្ពុជា​នៅ​មិន​​ទាន់​​ហើប​​​តម្លៃ​​​​​​

កាហ្វេ​កម្ពុជា​នៅ​មិន​​ទាន់​​ហើប​​​តម្លៃ​​​​​​

មកទល់ពេលនេះនៅតែមានការបញ្ជាក់ស្របគ្នាថា កាហ្វេខ្មែរផ្គត់ផ្គង់ទីផ្សារមិនទាន់ទទួលបានតម្លៃខ្ពស់ដូចគ្នានឹងកាហ្វេបរទេសនៅឡើយទេ បើទោះជាមុននោះបន្តិចទីផ្សារមានភាពល្អគ្រាន់បើ ក្នុងពេលកាហ្វេបរទេសត្រូវគេផ្អើលថាមានលាយកាហ្វេក្លែងក្លាយ។ យ៉ាងណាមិញ តម្លៃដែលទទួលបានក៏អាចទទួលយកបានដដែលនោះដែរ បើទោះជានៅទាបជាងកាហ្វេបរទេសនៅលើទីផ្សារអន្តរជាតិបន្តិច។

លោកតែ សុផល អ្នកគ្រប់គ្រងក្រុមហ៊ុន Angkor Coffee Co,Ltd. បានអះអាងថា ទីផ្សារកាហ្វេរបស់ប្រទេសកម្ពុជាមានការចាប់អារម្មណ៍ទ្វេរដង បើធៀបនឹងរយៈពេលកាលពីមុនដែលមានការជឿជាក់ និងគាំទ្រតិចបំផុតពីសំណាក់ភ្ញៀវក្នុងស្រុកខ្លួនឯង និងភ្ញៀវបរទេស។ សន្ទុះរីកចំរើន ត្រូវបានលេចឡើងបន្ទាប់ពីក្រុមហ៊ុនដែលធ្វើការវិនិយោគលើការវិចខ្ចប់គ្រាប់កាហ្វេក្នុងស្រុក មានលទ្ធភាពដំឡើងមាស៊ីនលីង និងវិចខ្ចប់ដែលជួយឲ្យកាហ្វេកម្ពុជាមានស្ដង់ដារស្របតាមអន្តរជាតិ និងបន្ទាប់ពីការនាំចូលកាហ្វេក្លែងក្លាយ បានធ្វើឲ្យអ្នកចូលចិត្តកាហ្វេបាត់បង់ជំនឿលើគ្រាប់កាហ្វេបរទេសដែលនាំចូល។ លោកថាកាហ្វេកម្ពុជាកាលពីប៉ុន្មានឆ្នាំមុនលក់ដាច់បានតិចបំផុតនៅក្នុងប្រទេសកំណើតខ្លួនឯង ដោយបានទាំងធ្វើឲ្យម្ចាស់ចម្ការកាហ្វេតូចធំ នាំគ្នាកាប់ចោល ហើយប្ដូរទៅដាំដំឡូងមី ឬពោតសណ្ដែកជាដើមតម្រូវការទីផ្សារនោះផង។ ស្ថានភាពល្អប្រសើរ ក្នុងរង្វង់២៣ ឆ្នាំចុងក្រោយបានជួយឲ្យក្រុមកសិករងាកមកដាំចម្ការដំណាំនេះវិញ ដោយកាន់តែមានកំណើនឡើងនៅតំបន់ភាគឥសាននៃប្រទេសកម្ពុជា។ មកទល់បច្ចុប្បន្នលោកថាមិនមានកាហ្វេកម្ពុជាណាមួយត្រូវបាននាំចេញទៅលក់ទីផ្សារក្រៅស្រុកនោះទេ ដោយសារតែទីផ្សារសម្រាប់លក់នៅក្នុងប្រទេសខ្លួនឯង គឺមិនគ្រប់តម្រូវដែលមានការគាំទ្រ។ ចាប់ពីខែដប់រហូតដល់ចុងខែ៤ជារៀងរាល់ឆ្នាំ លោកថាមានការកុម្ម៉ង់ច្រើន បើធៀបនឹងតម្រូវការនៅអំឡុងខែភ្ញៀង។ ហេតុផលដែលនាំអោយកើតមាននូវបញ្ហានោះ គឺដោយសារតែកាហ្វេខ្មែរត្រូវបានវិចខ្ចប់សម្រាប់តែផ្គត់ទីផ្សារបរទេសដែលចុះមកកម្ពុជា ហើយអំឡុង៤ខែនៅរដូវភ្លៀងធ្លាក់នោះមិនសូវមានភ្ញៀវចុះមក។ កាលពីខែឧសភាកន្លងទៅ អ្នកទេសចរណ៍បរទេសមិនសូវមានការចាប់អារម្មណ៍ធ្វើដំណើរចេញក្រៅឡើយ ហើយតម្រូវការកាហ្វេខ្មែរនៅតាមបណ្ដាហាង និងសណ្ឋាគារធំៗ ក៏ត្រូវកាត់បន្ថយផងដែរ។ យ៉ាងណាមិញ លោកថាមិនមានការធ្លាក់ចុះណាស់ណានោះទេ ដោយសារតែបណ្ដាហាងជាម៉ូយខ្លះនៅតែធ្វើការកុម្ម៉ង់។ លោកថ្លែងការកោតសរសើរចំពោះបណ្ដាក្រុមហ៊ុនកាន់តែច្រើនដែលធ្វើការវិនិយោគទៅលើវិស័យដាំដាំកាហ្វេ និងវេចខ្វប់កាហ្វេ ដែលជួយអោយវិស័យដាំដុះ និងលក់ចេញកាហ្វេនៅកម្ពុជាមានការរីកចំរើន និងមើលទៅមានភាពគគ្រឹកគគ្រេងជាងមុន។ លោកនិយាយថា«តាំងពីឧសភាមក ក្រុមហ៊ុនណាក៏ដូចជាក្រុមហ៊ុនណាដែរគឺធ្លាក់ចុះទីផ្សារកុម្ម៉ង់កាហ្វេ ឥលូវចាប់ផ្ដើមកើនឡើងបន្តិចហើយ ប៉ុន្តែបើនិយាយពីតម្លៃយើងកត់សម្គាល់ថាមិនទាន់ហើបឡើងទេ គឺនៅតែទាបជាងតម្លៃកាហ្វេដែលមានគុណភាពប្រហាក់ប្រហែលយើងនៅឡើយ!»។

coffee-plant

លោកថាគុណភាពកាហ្វេនៅខេត្តមណ្ឌលគីរី និងខេត្តរតនៈគីរី មានការទទួលស្គាល់ជាអន្តរជាតិថាល្អ ប៉ុន្តែអាចមកពីការគាំទ្រនៅ មានកម្រិតនៅឡើយ ទើបតម្លៃនៅមិនទាន់ហក់ឡើងអោយស្មើនឹងកាហ្វេរបស់បរទេស។ លោកថាកាហ្វេកម្ពុជាមិនអាចដំឡើងថ្លៃតាមការចង់បាននោះទេ ដោយសារតែទីផ្សារតម្រូវនៅមិនទាន់ទូលាយ ហើយពលរដ្ឋក្នុងស្រុកភាគច្រើនមិនទាន់ចាប់អារម្មណ៍ទទួលទានកាហ្វេរបស់កម្ពុជាខ្លួនឯង។ ភាគច្រើនបណ្ដាហាងតូចធំ លោកថាមានការពេញនិយមកាហ្វេមកពីប្រទេសជិតខាងវិញហើយ បន្ទាប់ពី រឿងកាហ្វេក្លែងក្លាយស្ងប់ស្ងាត់។ ដោយសាបញ្ហាមួយនេះហើយ ដែលតម្លៃកាហ្វេមិនអាចដំឡើងថ្លៃ ដោយមានតែបន្ថយតម្លៃជាពិសសសម្រាប់ម៉ូយនោះផង ដើម្បីរក្សាលំនឹងទីផ្សារ។ ជាស្ថិតិប្រចាំខែ បណ្ដាក្រុមហ៊ុនផលិតកាហ្វេខ្មែរទាំងអស់អាចលក់កាហ្វេនៅក្នុងទីផ្សាររបស់ខ្លួនមិនក្រោម២តោននោះទេពេញរយៈពេល៣០ថ្ងៃជារៀងរាល់ខែ ដោយក្នុងខែភ្លៀងដូចជាខែ៥ ខែ៦ ខែ៧ ខែ៨ និងខែ៩ជាដើម ស្ថានភាពលក់ចេញបានតិតជាងនេះឆ្ងាយដោយសារតែមានភ្លៀងធ្លាក់ ហើយមិនសូវមានភ្ញៀវបរទេស។ លោកថាទីផ្សារកាហ្វេខ្មែរ មានការពឹងផ្អែកជាធំលើជនបរទេស ទើបធ្វើអោយតម្រូវការមិនអាចលោតឡើង ដែលនាំអោយតម្លៃក៏ស្ទុះមិនរួច។

លោកតែ សុផល បញ្ជាក់ថា គ្រាប់កាហ្វេខ្មែរមានពីរប្រភេទគឺប្រភេទ« Robusta» និងប្រភេទ «Arabika»។ ប្រភេទទាំងពីរត្រូវបានដាំដុះភាគច្រើននៅខេត្តមណ្ឌលគីរី និងខេត្តរតនៈគីរី ប៉ុន្តែក៏មានរីករាលដាលនៅតំបន់ជិតខាងខ្លះផងដែរដូចជានៅកំពង់ចាមជាដើម។ ប្រភេទRobusta  មានការនិយមជាងគេ ប៉ុន្តែតម្លៃបានត្រឹមតែ៥៦០០ទៅ៨០០០ដុល្លារប៉ុណ្ណោះក្នុងមួយតោនក្រោយពេលលីងហើយ ក្នុងពេលដែលគ្រាប់កាហ្វេ Aribikaលក់បានចន្លោះ៩០០០ទៅ១០០០០ដុល្លារក្នុងមួយតោន ក្រោយពេលលីងហើយដូចគ្នា។ តម្លៃនេះត្រូវបានភ្ញៀវខ្លះបន្ទាបជាងមុននោះផង ដោយសារតែលំហូរចូលនៃកាហ្វេបរទេស។ លោកបញ្ជាក់យ៉ាងខ្លីថា ដើម្បីអោយកាហ្វេខ្មែរមានការកុម្ម៉ង់ច្រើន ក្រុមហ៊ុនត្រូវបង្ខំចិត្តបង្កើនគុណភាព បន្ថយតម្លៃ ឬបានត្រឹមតែរក្សាតម្លៃចាស់ ព្រោះបើអោយលក់តម្លៃ ដូចកាហ្វេបរទេស នោះអតិថិជន នឹងងាកទៅទិញកាហ្វេបរទេសភ្លាម  ប្រសិនបើការលក់ចេញមានតម្លៃប្រហែលគ្នា។ ប៉ុន្តែលោកថាអតិថិជនដែលចូលចិត្តកាហ្វេខ្មែរ ក៏មិនសាញចំពោះតម្លៃផងដែរ ដោយគ្រាន់តែភ្ញៀវប្រភេទនោះ បើធៀបនឹងចំនួនសរុបរបស់ភ្ញៀវដែលចូលចិត្តកាហ្វេនៅកម្ពុជាទាំងជនជាតិខ្លួនឯង និងបរទេស គឺមានចំនួនតិចប៉ុណ្ណោះ។ លោកថាប្រភេទកាហ្វេRosbusta ក្នុងមួយហិកតារទទួលបានផលច្រើនជាង និងមានការពេញនិយមច្រើនជាង ដោយសារតែតម្លៃធូរថ្លៃ។ ដោយសារតែហេតុហ្នឹងហើយ ដែលលោកថ្លែងថាបណ្ដាក្រុមហ៊ុនទាំងអស់អត់មានអ្នកណាដំឡើងថ្លៃនោះទេ ដើម្បីកុំអោយប៉ះពាល់ដល់ការកុម្ម៉ង់៕

ដោយ ៖ ប៉េង លី

RELATED ARTICLES