តារាចម្រៀងលេងខ្លួនសិចស៊ី និងពូកែរាំគួរឲ្យក្នាញ់ កញ្ញាសេន យូរី បានបង្ហាញខ្លួននៅផលិតកម្មថ្មី នៅខែវិច្ឆិកា ឆ្នាំ២០២០ ដូចការសន្យារបស់នាងពីមុនមែនបើទោះជាពេលនេះ ថៅកែហង្សមាស បានបិទមុខមាត់នាងមិនឲ្យគេស្គាល់ តាមរយៈការចេញវីដេអូងងឹតៗ ជូនដំណឹងពីការមកដល់របស់តារាម្នាក់មកផលិតកម្មនេះ ដោយមិនព្រមបើកចំហកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្ដី ប៉ុន្ដែគេស្ទើរតែអាចសន្និដ្ឋានបាន ១០០% ទៅហើយថា តារាម្នាក់នោះ គឺជាយូរី។

ការសំអាងបែបនេះ ព្រោះតែមុននេះ យូរី បានបង្ហើបថា នាងនឹងចេញមុខនៅផលិតកម្មថ្មី នៅខែ១១ និងតាមរយៈវីដេអូមិនបង្ហាញមុខនោះ តារាដែលពូកែរាំនោះ គឺមានរូបរាងដូចយូរី បេះបិទតែម្ដង ហើយមុនទៅដល់ហង្សមាស នេះ យូរី ក៏តែងតែឡើងច្រៀងនៅស្ថានីយទូរទស្សន៍ហង្សមាស ជាញឹកញាប់ដែរ។

នេះជាផលិតកម្មទី៣ហើយ របស់យូរី ខណៈដែលចាប់អាជីពចម្រៀងដំបូង យូរី ឈានជើងចូល Rock និងបានផ្ញើខ្លួននៅសាន់ដេ រយៈពេល៥ឆ្នាំផងដែរ ទើបតែផុតកុងត្រាកាលពីខែសីហា ឆ្នាំ២០២០ នេះទេ។

យូរី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ពេលទៅដល់ទ្រនំថ្មីនោះ នាងនឹងកាន់តែមានការប្រឹងប្រែង និងជំនឿចិត្តថែមទៀត តែនាងមិនហ៊ាននិយាយទុកជាមុនទេ ព្រោះចាំឲ្យទស្សនិកជនបានឃើញបទចម្រៀងថ្មីរបស់នាងតែម្ដង។

យ៉ាងណា គេជឿថា យូរី បានចុះកុងត្រាជាមួយហង្សមាស ៥ឆ្នាំ ដូចលោកខេមរៈ សិរីមន្ត ជាមិនខាន ហើយនេះជាអតីតតារាសាន់ដេ ទី៥ ហើយដែលមកចុះចូលជាមួយហង្សមាស ក្នុងនោះ មានអ្នកនាងឱក សុគន្ធកញ្ញា, សុខ ស្រីនាង, លោកខេមរៈ សិរីមន្ដ , នីកូ និងកញ្ញាយូរី ចុងក្រោយនេះឯង ស្របពេលដែលមានព័ត៌មានថា ផលិតកម្មធំនេះនៅដាក់ទិសដៅស្ទូចតារាសំខាន់សាន់ដេ ២ដួងទៀត មកធ្វើជាសមាជិករបស់ខ្លួននោះ គឺលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ និងកញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា ។

អ្នកជំនាញសិល្បៈបានលើកឡើងថា ការទៅដល់ហង្សមាស របស់យូរី នៅពេលនេះ គឺផលិតកម្មនេះនឹងយកនាងទៅជំនួសតំណែងកញ្ញាទេព បូព្រឹក្ស ដែលបានដើរចេញ ព្រោះតារាទាំង២ មានទីផ្សារប្រដមប្រសងគ្នា។ យ៉ាងណា យូរី ត្រូវជួបគូប្រជែងធំនៅហង្សមាស ដូចជា កញ្ញារ៉េត ស៊ូហ្សាណា, វី ឌីណែត និងលាង សុផាឡែន ជាដើម ដែលស្រីស្រស់ទាំង៣ដួងនេះ ទោះជាមានស្ទីលខុសពីយូរី មែន ប៉ុន្ដែក្បាច់រាំរបស់ពួកគេមិនចាញ់យូរី ឡើយ។

ការលេចមុខនៅផលិតកម្មហង្សមាស របស់យូរី នេះ ស្របពេលដែលរឿងស្នេហានាងជាមួយលោកថៅកែហាងផឹកស៊ី លោកជា នី កំពុងតែល្បីល្បាញជាងអាជីពចម្រៀងរបស់នាងទៅទៀត ព្រោះតែក្រោយប្រកែកថា គ្មានស្នេហាជាមួយគ្នាឡើងរួយមាត់នោះ ពេលនេះស្រីស្អាតរូបនេះ និងលោកថៅកែ បានបណ្ដើរនិងជិះរថយន្ដជាមួយគ្នាដូចប្ដីប្រពន្ធអីចឹង។

ប៉ុន្តែទាំងយូរី និងលោកថៅកែ នៅតែមិនព្រមសារភាពស្នេហ៍ឡើយ ហើយថ្មីៗនេះ យូរី ថែមទាំងចេញសារនាំឲ្យថៅកែស្រឡាំងកាំងទៀតផង ដោយសារតែនាងថា បេះដូងនៅទំនេរគ្មានសង្សារ។

គេជឿថា ការដែលយូរី ទៅជ្រកនៅហង្សមាស នេះ ប្រាកដជាមានការគាំទ្រពីលោកថៅកែយ៉ាងពេញទំហឹងជាមិនខាន ហើយមិនយូរឡើយ អ្នកទាំង២ នឹងក្លាហានព្រមលាតត្រដាងរឿងស្នេហ៍នេះជាមិនខាន៕ ហ៊ឹម វិចិត្រ
