ភ្នំពេញ ៖ លោកភោ សុផានិត អតីតពិធីករទូរទស្សន៍ល្បីឈ្មោះម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ)។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនលោកភោ សុផានិត នៅចំណុចហាងកាហ្វេមួយកន្លែង នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

របាយការណ៍ខាងលើ បន្តថា ការឃាត់ខ្លួនលោកភោ សុផានិត ធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួន លេខ ១៣០០ “ឃ១” ដ.ច.ន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោកវ៉ាន់ សែន វិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបានបង្គាប់ឱ្យនាំខ្លួន ឈ្មោះភោ សុផានិត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរពាណិជ្ជករ មានលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។

លោកភោ សុផានិត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ចាត់ការបន្តតាមនីតិវិធី៕