ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅ និងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង មានបៀ និងខ្លាឃ្លោក ព្រមទាំងច្រៀងរំខានអ្នកភូមិរហូតយប់ជ្រៅ ដោយចាប់អ្នកលេងអប់រំណែនាំ និងម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ប្រភពសមត្ថកិច្ចឱ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត សូមឆ្លើយតបប្រជាពលរដ្ឋដែលបានរាយការណ៍ និងសំណូមពរក្នុងប្រអប់សារផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានខ្លឹមសារថា សូមឱ្យលោកជួយមើលករណីល្បែងស៊ីសងបៀ និងខ្លាឃ្លោក នៅគេនាំលេងរាល់ថ្ងៃ ចាប់ពីម៉ោង៣រសៀល រហូតដល់យប់ជ្រៅ រំខានដល់អ្នកជិតខាងនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ នៅក្រោយសាលា បឋមសិក្សាព្រែកសំរោង។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនដំណឹង នេះ ទៅលោកអធិការនគរបាលក្រុងតាខ្មៅ ឱ្យស្រាវជ្រាវនិងអនុវត្តជំនាញ ចុះស៊ើបអង្កតទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ជាក់ស្តែង។

ប្រភពសមត្ថកិច្ចដដែល ឱ្យដឹងដែរថា ជាលទ្ធផល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣និង១០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានចុះបង្ក្រាបទីតាំងខាងលើ ដោយមានលេងល្បែងស៊ីសងបៀ ខ្លាឃ្លោក និងចាក់ធុងបាស់ច្រៀងរំខាន ដូចពលរដ្ឋរាយការណ៍ប្រាកដមែន។ ដោយពិនិត្យឃើញថា ករណីនេះតូចតាច កម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះឈ្មោះព្រុំ វណ្ណៈ ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវតែបញ្ឈប់ការផ្តល់ទីតាំង និងប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ ចាប់ពីពេលនេះតទៅ ដែលនេះគឺជាលើកទី១ ប្រសិនបើថ្ងៃក្រោយមិនរាងចាល សមត្ថកិច្ចនឹងមានចំណាត់ការទៅតាមនីតិវិធី។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ក្នុងន័យធ្វើឱ្យមូលដ្ឋានមានសណ្តាប់ធ្នាប់ និងសន្តិសុខល្អ។ អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មេត្តា ជ្រាបជាព័ត៌មានុ៕