តារាចម្រៀងលោកប៉ុន សុណារិន្ទ ហៅខេម បានធ្វើឲ្យនារីៗជាច្រើនខកចិត្ត ព្រោះតែនៅថ្ងៃសម្ពោធហាងផឹកស៊ីកាលពីពេលថ្មីៗនេះ អតីតតារាចម្រៀងថោន រូបនេះអះអាងថា លោកមានគូស្នេហ៍ហើយ ដែលជានារីអាណិកជនខ្មែរ មកពីបារាំង ឈ្មោះអូន ”កា”។

លោកខេម ថែមទាំងថា ពេលនេះអនាគតភរិយារបស់លោកបានមករស់នៅស្រុកខ្មែរ ជាង១ឆ្នាំហើយ ខណៈដែលទាំងលោក និងសង្សារ បានព្រមព្រៀងគ្នាថា មិនទៅរស់នៅប្រទេសបារាំង នោះទេ គឺចង់រស់នៅ និងរកស៊ីនៅស្រុកខ្មែរវិញ។

លោកខេម បន្តថា បានភ្ជាប់ស្នេហ៍ជាមួយបណ្ដូលចិត្តរយៈពេលចន្លោះពី៤ទៅ៥ឆ្នាំហើយ តែមិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់នោះទេ ប៉ុន្ដែសម្រាប់រូបលោកដែលមានអាយុកាន់តែច្រើនហើយដែរនោះ នឹងមិនពន្យារពេលរៀបការច្រើនឆ្នាំទៀតឡើយ ពោលគឺអាចនឹងធ្វើនៅចន្លោះពី១ទៅ២ឆ្នាំខាងមុខទៀតនេះ។

ការសារភាពមានម្ចាស់បេះដូងរបស់លោកខេម នេះ ធ្វើឲ្យនារីជាច្រើនដែលលង់ស្នេហ៍លោកខេម បានត្រឹមស្រងាកចិត្ត ព្រោះការពិត តារាចម្រៀងស្អករូបនេះបានជ្រើសស្នេហ៍ស្រីស្អាតអាណិកជនបារាំង ទៅវិញ។

តាមព័ត៌មានថា ជារៀងរាល់ថ្ងៃ គេឃើញលោកខេម ជិះរថយន្ដ Range Rover ពណ៌ស ដឹកអនាគតប្រពន្ធ ស្រីស្អាត “កា” ទៅពិនិត្យមើលហាងរបស់ខ្លួននៅម្ដុំក្លោងទ្វារវត្តសំរោងអណ្ដែត ហើយទាំងអតិថិជន និងអ្នករស់នៅជិតខាង សុទ្ធតែលាន់មាត់សរសើរថា ខេម ពូកែរកបានប្រពន្ធស្អាតមិនចាញ់តារាឡើយ។

ប៉ុន្ដែនៅតាមបណ្ដាកម្មវិធីមិត្តភក្ដិអ្នកសិល្បៈរួមអាជីពវិញ ខេម នៅតែមិនទាន់ហ៊ានបណ្ដើរគូស្នេហ៍ជាចំហ គ្រប់កម្មវិធីដូចមិត្តភក្ដិនោះទេ៕
