ឈិន សុធារី បានបញ្ជាក់ច្បាស់ៗតាមការបញ្ចេញសារកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ថា នាងបានដាក់ពាក្យបណ្ដឹងស្ដី្រដែលចោទនាងថា ដណ្ដើមប្ដីភ្ជាប់ជាមួយឯកសារគ្រប់គ្រាន់រួចហើយ ដែលអាចថា នារីនោះបានធ្វើការចោទប្រកាន់មកលើរូបនាងពិតប្រាកដមែន។

ប៉ុន្ដែរហូតមកដល់ពេលនេះ នៅមិនទាន់មានដំណឹងថា អ្នកមេម៉ាយកូន២រូបនេះ ឡើងតុលាការនៅថ្ងៃណាឡើយ បើទោះជានាងបានតាំងចិត្តយ៉ាងមុតមាំថា ត្រូវតែឲ្យច្បាប់ជួយដោះស្រាយរកយុត្តិធម៌ឲ្យនាងក្ដី។
អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅអ្នកនាងឈិន សុធារី តែលេខដែលនាងធ្លាប់ប្រើនោះ ត្រូវបានស្រ្ដីម្នាក់លើក ហើយប្រាប់ថា មិនមែនជាសុធារី ឡើយ។

ដោយឡែក អ្នកនាង Somrith Ya Nuth ឯណោះវិញ ត្រូវបានអ្នកគាំទ្រនាងសម្ដែងការអាណិតអាសូរយ៉ាងខ្លាំង ដែលពេលនេះសុភមង្គលនាងបានប្ដូរមកជាទឹកភ្នែកវិញ ហើយថ្មីៗនេះ សុធារី ថែមទាំងចោទនាងថា ជាកូនយួនទៀតផង។ ប៉ុន្ដែក្រៅពីបង្ហាញភាពឈឺចាប់ស៊ូខាំមាត់សង្កត់ចិត្តតែម្នាក់ឯងនោះ អ្នកនាង Somrith Ya Nuth បាននិយាយតបអ្នកចូលទៅខមិនវិញយ៉ាងខ្លីថា រឿងនេះនាងប្រគល់ឲ្យច្បាប់ដោះស្រាយ។

មជ្ឈដ្ឋានមហាជនបានលើកឡើងថា ឈិន សុធារី ពេលនេះបាក់មុខខ្លាំង ព្រោះត្រូវគេចោទមានសាហាយស្មន់ជាមួយប្ដីគេ តែសុធារី នៅតែប្រកាន់ជំហរតតាំងរឿងក្ដីនេះនៅតុលាការ ដោយគ្មានការតក់ស្លុតឡើយ។
ចំណែកលោកកែវ ពិសិដ្ឋ វិញ មុននេះបានចេញមុខសុំទោសអ្នកនាងឈិន សុធារី ដែលរឿងរ៉ាវរបស់លោកធ្វើឲ្យប៉ះពាល់ដល់អតីតតារាសម្ដែងរូបនេះ ប៉ុន្តែសុធារី នៅតែរក្សារជំហប្ដឹងភាគីប្រពន្ធដើមទៅតុលាការដដែល។

ឈិន សុធារី បានផ្អាកអាជីពសិល្បៈជាច្រើនឆ្នាំ ក្រោយនាងរៀបការជាមួយលោកសុវណ្ណ មករា ហើយក្រោយបានកូនស្រីភ្លោះចំណងស្នេហានេះ ក៏បានដើរដល់ផ្លូវបំបែក។ នាងធ្លាប់តែជាពិធីការិនីម្នាក់ដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្ដែរយៈពេលចុងក្រោយនេះ បានប៉ះរឿងស្នេហាដ៏ចម្រូងចម្រាសជាមួយលោកងួន វ៉ារី ហើយស្រាប់តែចុងក្រោយនេះ ត្រូវគេចោទថា នាងមានស្នេហាជាមួយប្ដីគេទៀត ទើបធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់សុធារី កាន់តែពិបាកស្ដារមុខមាត់ឡើងវិញ។

ទោះជាយ៉ាងណា ទស្សនិកជនរង់ចាំមើលថា សវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នាពេលខាងមុខនេះ តើឈិន សុធារី អាចទៅរួចទេ ដែលថាសង្ឃឹមថា នាងនឹងឈ្នះក្ដីប្រពន្ធដើម?៕