ភ្នំពេញ ៖ អតីតប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុមួយរូប ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីអំឡុងខែមីនា ឆ្នាំ២០២០ កន្លងទៅ ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសពុករលួយ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស កាលពីសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសម្រេចដាក់ពន្ធនាគារកំណត់៧ឆ្នាំ ពិន័យជាប្រាក់ចូលថវិការដ្ឋ ចំនួន១០០លានរៀល និងរឹបអូសដីធ្លីចំនួន៣កន្លែងដាក់ចូលជាសម្បត្តិរដ្ឋ។

ជនជាប់ចោទដែលត្រូវតុលាការសម្រេចផ្តន្ទាទោសខាងលើនេះ មានឈ្មោះនួន ប៉ុក ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ។
យោងតាមប្រភពពីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់អតីតប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ចំនួន៣បទល្មើស រួមមាន ទី១-បទរំលោភអំណាច ទី២-បទបំពានធនធានធម្មជាតិ និងទី៣-បទផ្តល់និងប្រើប្រាស់ឯកសារក្លែងដោយអាជ្ញាធរ។

គួររំលឹកថា អតីតប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ខេត្តព្រះសីហនុ រូបនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុក រលួយ (ACU) ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅ និងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីប្រគល់ជូនស្ថាប័នអយ្យការ ធ្វើការសាកសួរ និងចោទប្រកាន់ជាផ្លូវការពាក់ព័ន្ធប្រព្រឹត្តបទល្មើសពុករលួយ។

ជនសង្ស័យត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី១ ខែមីនា ដែលធ្វើឡើងនៅខេត្តព្រះសីហនុ និងបានបញ្ជូន មកកាន់រាជធានីភ្នំពេញតែម្តង៕