Sunday, August 17, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចប្រាប់ស្រួលៗសោះ ពូអត់ធ្វើហើយ ផ្គើនទៀត ចុងក្រោយ ទាំងឡាន ទាំងម្ចាស់ ទៅខណ្ឌ

សមត្ថកិច្ចប្រាប់ស្រួលៗសោះ ពូអត់ធ្វើហើយ ផ្គើនទៀត ចុងក្រោយ ទាំងឡាន ទាំងម្ចាស់ ទៅខណ្ឌ

ភ្នំពេញ ៖ បុរសម្នាក់នៅសុខៗបានបើករថយន្តចំនួន២គ្រឿង មកចតចោលចំកណ្តាលទ្រូងផ្លូវមុខផ្ទះរបស់ខ្លួន រួចក៏ចូលទៅក្នុងផ្ទះបាត់ ធ្វើឱ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទើបអាជ្ញាធរមូលដ្ឋានបានចុះអន្តរាគមន៍ប្រាប់ឱ្យបើករថយន្តចតអែបខាង តែម្ចាស់រថយន្ត មិនខ្ចីស្តាប់ ទើបសមត្ថកិច្ចសម្រេចចាក់សោកង់រថយន្ត បម្រុងស្ទូចយកទៅដោះស្រាយនៅសាលាខណ្ឌ ស្រាប់តែបុរសជើងខ្លាំងរូបនេះបានព្យាយាមរារាំងមិនឱ្យស្ទូចរថយន្តរបស់ខ្លួន និងឈានដល់ការប្រតាយប្រតប់ជាមួយសមត្ថកិច្ចទៀតផង ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំទាំងម្ចាស់និងរថយន្ត២គ្រឿង យកទៅចាត់ការតាមច្បាប់។

ករណីប្រទូសរាយរវាងម្ចាស់រថយន្តចតបំពានផ្លូវសាធារណៈ ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យជើងខ្លាំងដែលប្រឆាំងនឹងអ្នករាជការសាធារណៈ រហូតត្រូវចាប់វាយខ្នោះនោះ មានឈ្មោះជា លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមើលការខុសត្រូវផ្ទះជួល ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

អាជ្ញាធរខណ្ឌទួលគោក បានបញ្ជាក់ថា ករណីឃាត់ខ្លួនជនសង្ស័យឈ្មោះជា លាង ខាងលើនេះ ធ្វើឡើងដោយកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការអនុញ្ញាតនិងបញ្ជាផ្ទាល់មាត់ពីលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងដឹកនាំផ្ទាល់ពីលោកទាវ សំអឿន អភិបាលរងខណ្ឌទួលគោក ដោយមានកិច្ចសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ពីបទ “ប្រឆាំងនឹងអ្នករាជការសារធារណៈ”។

អាជ្ញាធរបានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានរឹបអូសរថយន្តចំនួន ២គ្រឿង ម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-8050 និងរថយន្តម៉ាកកាមរី ស៊េរីឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-6830 (ចាប់យកនៅកន្លែងកើតហេតុ)។

តាមប្រភពពីអាជ្ញាធរខណ្ឌទួលគោក បានរៀបរាប់ពីដំណើររឿងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះជា លាង បានបើករថយន្តម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-8050 និងរថយន្តម៉ាកកាមរី ស៊េរីឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-6830 មកចតចំកណ្តាលទ្រូងផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយបានរំខាន និងរារាំងប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ មិនអាចធ្វើដំណើរបាន។

ភ្លាមនោះ ក្រុមប្រតិបត្តិការបានធ្វើការណែនាំឱ្យម្ចាស់រថយន្តខាងលើ បើករថយន្តចេញពីទ្រូងផ្លូវ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន ប៉ុន្តែឈ្មោះ ជា លាង បានបដិសេធ មិនព្រមបើកឡានចេញទេ ពេលនោះក្រុមប្រតិបត្តិការបានយកខ្នោះចាក់កង់រថយន្ត ដើម្បីត្រៀមលក្ខណៈស្ទូចរថយន្តចេញពីលើទ្រូងផ្លូវ តែត្រូវបានម្ចាស់រថយន្ត ឈ្មោះជា លាង ដណ្តើមយកខ្នោះពីសមត្ថកិច្ច ដោយរារាំងមិនឱ្យចាក់កង់រថយន្ត ហើយយកខ្នោះកម្ទេចចោលបោះចូលទៅក្នុងផ្ទះរបស់ខ្លួនថែមទៀតផង។

ប្រភពដដែល បញ្ជាក់ថា បន្ទាប់ពីឃើញទង្វើរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានទៅហៅឈ្មោះជា លាង មកសាកសួរ ប៉ុន្តែត្រូវបានឈ្មោះជា លាង រុញច្រានសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនឈ្មោះ ជា លាង ក្នុងបទល្មើសជាក់ស្តែងតែម្តង ព្រមទាំងស្ទូចយករថយន្តទាំង២គ្រឿងខាងលើ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសារសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES