ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពជិះម៉ូតូកៀរម៉ូតូយុវជនម្នាក់ បណ្តាលឱ្យដួល រួចប្លន់យកទូរស័ព្ទដៃទំនើប១គ្រឿង គេចខ្លួនបាត់ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចជំនាញកំណត់មុខសញ្ញាឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវលំ ចំណុចភូមិតាអ៊ិន សង្កាត់ស្នោ ខណ្ឌកំបូល។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ឯម តុងហ៊ុយ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស៊ីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានជិះម៉ូតូតែម្នាក់ឯង ចេញពីបុរី KP ទី១៤ ស្ថិតនៅភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌកំបូល ក្នុងគោលបំណងទៅកន្លែងធ្វើការ។
លុះធ្វើដំណើរតាមផ្លូវលំ មកដល់ចំណុចភូមិតាអ៊ិន សង្កាត់ស្នោ ខណ្ឌកំបូល ហើយក៏មានគេទូរស័ព្ទចូលមក ទើបជនរងគ្រោះបានលើកទូរស័ព្ទនិយាយ ស្រាប់តែពេលនោះ មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ទិសដៅបញ្ច្រាសគ្នា បានបើកកៀរជនរងគ្រោះ បណ្តាលឱ្យដួលម៉ូតូ ជ្រុះទូរស័ព្ទចេញពីដៃ។ រំពេចនោះ ជនសង្ស័យក៏បានស្ទុះទៅចាប់ក្របួចក៏អាវជនរងគ្រោះ និងបានប្លន់យកទូរស័ព្ទជនរងគ្រោះ រួចជិះម៉ូតូគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្នោ ហើយកម្លាំងនគរបាលខណ្ឌកំបូល ក៏បានចេញសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានម្នាក់ នៅទឹកដីខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះសាន ចម្រើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន រស់នៅភូមិព្រៃក្រោយ សង្កាត់ស្នោ ខណ្ឌកំបូល។ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។ ជាមួយការបង្ក្រាបជនសង្ស័យខាងលើ កម្លាំងនគរបាល ក៏បានដកហូតយកទូរស័ព្ទជនរងគ្រោះមកវិញ និងបានប្រគល់ឱ្យជនរងគ្រោះវិញ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០៕