ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ បានប្រើល្បិចខ្ចីម៉ូតូយុវជនម្នាក់ ថាទៅទិញបាយមួយភ្លែត តែបែរជាជិះបង្ហួសទៅភ្នំពេញបាត់ ដោយពុំយកម៉ូតូប្រគល់ឱ្យម្ចាស់វិញ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៥និង៤០នាទីល្ងាច នៅចំណុចភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បើតាមមន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា ជនរងគ្រោះឈ្មោះទិត្យ ស៊ីណារិទ្ធ ហៅឡេ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះអាត ប៉េងអាន ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ដោយឡែក ម៉ូតូដែលជនសង្ស័យខ្ចីនោះ ម៉ាក ស៊ុយហ្ស៊ុយគីឡែត ពណ៌ស ស៊េរីឆ្នាំ២០១៥ លេខម៉ាស៊ីន AE52-404969 លេខតួ CE45 D-405047 ពាក់ស្លាកលេខភ្នំពេញ 1CS-5102។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានយកម៉ូតូសង្សាររបស់ខ្លួនជិះ មកលេងផ្ទះឈ្មោះឈឿន ហេង ភេទប្រុស នៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ពេល នោះ ជនសង្ស័យបានដើរមកដល់ រួចសុំប្រាក់ ជនរងគ្រោះចំនួន៥០០០រៀល ហើយខ្ចីម៉ូតូ ជនរងគ្រោះថាទៅទិញបាយហូបមួយភ្លែត។

ពេលខ្ចីម៉ូតូជនរងគ្រោះបានហើយ ជនសង្ស័យ បានជិះម៉ូតូទៅភ្នំពេញបាត់ មិនឃើញត្រឡប់មកវិញឡើយ ហើយជនរងគ្រោះក៏ដើរមកផ្ទះវិញ។ លុះមកដល់ថ្ងៃទី១៧ ខែឆ្នាំដដែល វេលាម៉ោង១០ព្រឹក ជនសង្ស័យបានត្រឡប់មកផ្ទះវិញ តែមិនឃើញម៉ូតូ។ពេលនោះ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល ហើយកម្លាំងប៉ុស្តិ៍ ក៏ទៅឃាត់ខ្លួនជនសង្ស័យតែម្តង។
តាមចម្លើយរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានយកម៉ូតូជនរងគ្រោះជិះទៅភ្នំពេញ ហើយទុកនៅមុខវាំង ត្រូវចោរលួចបាត់។
ករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ បន្តអនុវត្តតាមនីតិវិធី៕