Saturday, August 16, 2025
Homeព័ត៌មានជាតិក្រសួងអប់រំ អនុញ្ញាឲ្យគ្រឹះស្ថានសិក្សានៅភ្នំពេញ និងខេត្តកណ្តាល បើកដំណើរការនៅថ្ងៃទី២៣ ខែវិច្ឆិកា

ក្រសួងអប់រំ អនុញ្ញាឲ្យគ្រឹះស្ថានសិក្សានៅភ្នំពេញ និងខេត្តកណ្តាល បើកដំណើរការនៅថ្ងៃទី២៣ ខែវិច្ឆិកា

សាលារៀនទាំងរដ្ឋ ទាំងឯកជន នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវក្រសួងអប់រំ ប្រកាសឲ្យបើកដំណើរការសិក្សាឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបើតាមឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមហង់ ជួនណារ៉ុន បានឲ្យដឹងថា ក្រោយពីសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកដំណើការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនឡើងវិញ ក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ដើម្បីឲ្យសិស្សានុសិស្សចូលជាប្រក្រតីឡើងវិញ ក្នុងដំណាក់កាលទី៣។

ឯកឧត្តមបានបន្តថា ក្រសួងក៏បានប្រកាសបើកឡើងវិញនូវពហុកីឡដ្ឋានជាតិអូឡាំពិក ក៏ដូចជាការអនុញ្ញាតការលេងកីឡាផ្សេងៗ ដោយអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារដែលក្រសួងដាក់ចេញ ដោយធានាបាននូវការគម្លាតសុវត្ថិភាព និងការរក្សានូវស្តង់ដារអនាម័យ។ ដូច្នេះ ក្រសួងអប់រំ យុវជន និងកីឡា សូមប្រកាសឲ្យសិស្សានុសិស្ស មាតាបិតា លោកគ្រូអ្នកគ្រូ អាណាព្យាបាល សូមបើកដំណើការគ្រឹះស្ថានសិក្សាឡើងវិញ ទាំងរដ្ឋ ណិងឯកជន ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា នេះតទៅ។

ឯកឧត្តមក៏បានអំពាវនាវឲ្យគ្រឹះស្ថានសិក្សាទូទាំងប្រះរាជាណាចក្រកម្ពុជា សូមបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវគោលការណ៍អនុវត្តន៍ស្តង់ដារសុវត្ថិភាពសិក្សា និងអនាម័យតាមគ្រឹះស្ថានសិក្សា ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបន្តការពារកុំឲ្យមានការកើតជំងឺកូវីដនេះ ជាពិសេសការពារកុំឲ្យមានការរីករាលដាលជំងឺកូវីដ ចូលទៅក្នុងសហគមន៍។

ឯកឧត្តមបន្ថែមថា ម្យ៉ាងវិញទៀត ក្រសួងក៏នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ ហើយនិងរៀបចំការប្រលងសញ្ញាបត្រមធ្យមទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ នេះ៕

RELATED ARTICLES