Saturday, August 16, 2025
Homeតារាខ្មែរកញ្ញាវី ឌីណែត ថានឹងបង្ហាញមុខបុរសម្នាក់ នៅដើមឆ្នាំ២០២១នេះហើយ

កញ្ញាវី ឌីណែត ថានឹងបង្ហាញមុខបុរសម្នាក់ នៅដើមឆ្នាំ២០២១នេះហើយ

កូនក្រមុំលោកហួរ ឡាវី កញ្ញាវី ឌីណែត បានឲ្យដឹងថា ក្រោយនាងលើកពាន “I Am A Singer Cambodia” រដូវកាលទី២ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នោះ ឪពុករបស់នាងកាន់តែជំរុញនិងលើកទឹកចិត្តនាងឲ្យខិតខំប្រឹងប្រែងតទៅទៀត ដើម្បីឈានឲ្យដល់គោលដៅដែលគាត់ចង់បាន។ នាងថា ឪពុកនាងសប្បាយចិត្តនូវការឈ្នះពានធំរបស់នាងពីការប្រកួតនោះ ហើយសម្រាប់រូបនាងក៏កាន់តែមានទឹកចិត្តថែមទៀតដែរ ព្រោះនេះជាទុនមួយដ៏សំខាន់ នាំនាងឈានជើងដើរទៅមុខទៀតក្នុងវិស័យសិល្បៈ។

ឌីណែត ប្រាប់ថា ដើម្បីឲ្យប្លែក នៅដើមឆ្នាំ២០២១ ខាងមុខនេះ នាងនឹងត្រៀមចាប់ដៃជាមួយតារាចម្រៀងប្រុសថ្មីម្នាក់ ដែលពីមុននាងមិនធ្លាប់ជួប ហើយអ្នកចម្រៀងរូបនោះក៏មិនមែនច្រៀងនៅហង្សមាស ដែរ។

ទោះជាយ៉ាងណា នាងថា មិនអាចប្រាប់ថា អ្នកចម្រៀងរូបនោះជាអ្នកណា ហើយឈ្មោះអី មុនពេលដែលបទចម្រៀងចេញនោះទេ។

ក្រៅពីត្រៀម​ចាប់ដៃជាមួយតារាថ្មីម្នាក់នោះ កន្លងមក កញ្ញាវី ឌីណែត ធ្លាប់ច្រៀងនិងសម្ដែងជាមួយលោកឆន សុវណ្ណារាជ និងនី រតនា ផងដែរ។ ប៉ុន្ដែការធ្វើជាដៃគូជាមួយរតនា នោះ កញ្ញាឌីណែត បានជំពប់ទៅនឹងរឿងថា នាងមានស្នេហាជាមួយអ្នកចម្រៀងសំនៀងផ្អែមរូបនេះ រហូតរតនា រៀបការចោល លេចឮដំណឹងថា ឌីណែត ខូចចិត្តទៀតផង។

ប៉ុន្ដែមុនលើកពាននេះ ឌីណែត បានបង្ហាញសញ្ញាមានម្ចាស់ចិត្ត ហើយតាមរយៈការកៀកកើយជាមួយបុរសម្នាក់ ដែលនាងបង្ហើបថា ជាអ្នកនៅក្នុងរង្វង់សិល្បៈដែរ តែឌីណែត មិនដែលហ៊ានបង្ហាញមុខបណ្ដូលចិត្តឲ្យគេស្គាល់ថា ជាអ្នកណានោះទេ គឺនាងបិទមុខប្រុសនោះ ដោយស្ទីកគ័រជាប្រចាំ តែម្ដង។ នាងធ្លាប់អះអាងថា មិនចង់ផ្ដោតលើរឿងស្នេហាច្រើនជាងសិល្បៈឡើយ។

វី ឌីណែត ជាអ្នកចម្រៀងសំនៀងខ្លាំង ខ្ពស់ ដែលតាំងពីតូច នាងត្រូវបានឪពុករបស់នាងបង្ហាត់ពីរបៀបច្រៀងឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត ខណៈដែលបទចម្រៀងជាភាសារអង់គ្លេស​ ឌីណែត ធ្លាប់ទទួលបានការបណ្ដុះបណ្ដាលពីព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ផងដែរ៕

RELATED ARTICLES