ភ្នំពេញ ៖ បុរសម្នាក់កើតអាការអត់សូវស្រួលខ្លួន បានជិះម៉ូតូចូលទៅរកសេវាម៉ាស្សា កោសជប់ លុះពេលកំពុងម៉ាស្សា ស្រាប់តែសន្លប់បាត់មាត់ឈឹង ធ្វើឱ្យផ្អើលអស់នារីម៉ាស្សាស្រែកឆោឡោប្រាប់ម្ចាស់ហាង រាយការណ៍ប្រាប់សមត្ថកិច្ច ជួយទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចហាងកោសជប់ម៉ាស្សា មួយកន្លែង យីហោ ម៉ាស្សា៩៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៥ កែងផ្លូវ៣២៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បុរសរងគ្រោះដែលចូលទៅរកសេវាម៉ាស្សា កោសជប់ បែរជាសន្លប់បាត់មាត់ឈឹង ខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ៣០ឆ្នាំ។
តាមសម្តីស្ត្រីជាអ្នកបម្រើសេវាម៉ាស្សា កោសជប់ ក្នុងហាងខាងលើ ម្នាក់ និងជាអ្នកដែលបានម៉ាស្សាឱ្យបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាក YAMAHA FZ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BM-3158 មករកសេវាកម្មម៉ាស្សា នៅក្នុងហាងរបស់នាងទាំងសភាពស្លេកស្លាំង រួចហើយនាងក៏បាននាំបុរសនោះចូលទៅក្នុងបន្ទប់ដើម្បីម៉ាស្សា និងកោសជប់ឱ្យ។

ស្ត្រីម៉ាស្សា បន្តថា ពេលដែលចូលទៅដល់ខាងក្នុងបន្ទប់ នាងក៏បានសួរទៅបុរសរងគ្រោះថា “តើបងចង់ម៉ាស្សា ឬក៏កោសខ្យល់?”។ បុរសរងគ្រោះក៏បានឆ្លើយតបថា “គ្រាន់តែម៉ាស្សាធម្មតាបានហើយ”។ ពេលនិយាយចប់ បុរសរងគ្រោះក៏ប្រះខ្លួនដេកទៅលើគ្រែ ចំណែកនាងក៏បានម៉ាស្សាឱ្យតាមធម្មតា។ លុះពេលម៉ាស្សារួចរាល់ហើយ នាងក៏បានសួរ ទៅបុរសរងគ្រោះថា “យ៉ាងម៉េចហើយ?”។ ប៉ុន្តែបុរសរងគ្រោះមិនបានឆ្លើយតបនោះទេ នាងក៏មិនបានចាប់អារម្មណ៍ដែរ ដោយគិតថា ប្រហែលជាបុរសនោះដេកលក់។

ស្ត្រីដដែល បញ្ជាក់ថា បន្ទាប់មក នាងក៏បានចេញពីក្នុងបន្ទប់ដោយទុកឱ្យបុរសរងគ្រោះ ដេកសិនទៅ។ លុះមួយស្ទុះក្រោយមក នាងក៏បានចូលទៅដាស់បុរសរងគ្រោះ ព្រោះជិត គ្រប់មួយម៉ោងហើយ ទើបដឹងថា បុរសរងគ្រោះបានសន្លប់បាត់មាត់បាត់កឈឹងទៅហើយ ទោះជាការដាស់យ៉ាងណាក៏មិនដឹងខ្លួនដែរ។ ភ្លាមនោះ នាងក៏ប្រញាប់រត់ចេញមកស្រែកប្រាប់ម្ចាស់ហាង ឱ្យរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ ឱ្យមកជួយធ្វើការអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងរថយន្តសង្គ្រោះ របស់គ្លីនិកឯកជន បានចុះមកដល់ព្រមគ្នា រួចក៏បានដឹកយកបុរសរងគ្រោះ ទៅសង្គ្រោះភ្លាមៗតែម្តង៕