Saturday, August 16, 2025
Homeព័ត៌មានជាតិលោកតាអាចារ្យភ្លេច ផ្អើលលោកពេញវត្ត ទាំងព្រឹកព្រលឹម

លោកតាអាចារ្យភ្លេច ផ្អើលលោកពេញវត្ត ទាំងព្រឹកព្រលឹម

ខេត្តព្រៃវែង ៖ សាលាឆាន់១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង ដោយសារមូលហេតុដុតទៀនចោលភ្លេចពន្លត់ ទើបបង្កជាអគ្គិភ័យ។

ហេតុការណ៍អគ្គិភ័យឆាបឆេះសាលាឆាន់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចសាលាឆាន់ ក្នុងបរិវេណវត្តប្រាសាទ ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក។

សាលាឆាន់ដែលទទួលរងការឆាបឆេះខាងលើ សង់ពីឈើដំបូលប្រក់ក្បឿង ជើងសសរថ្ម មានទំហំ ២៤ម៉ែត្រ គុណនឹង ១៨ម៉ែត្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានតាអាចារ្យបានដុតទៀននៅលើសាលាឆាន់ រួចក៏ភ្លេចពន្លត់វិញ បន្ទាប់មក ក៏នាំគ្នាចូលសម្រាន្តលង់លក់អស់ទៅ។ ស្រាប់តែមកដល់វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏កើតមានអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញវត្ត និងរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុភ្លាមៗ និងបានទាក់ទងសុំអន្តរាគមន៍បន្តពីសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត ធ្វើឱ្យភ្លើងបានរលត់ទៅវិញទាំងស្រុង។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋាន ហេតុការណ៍អគ្គិភ័យនេះ បង្កឡើងដោយមូលហេតុ ការដុតទៀនចោលនៅលើសាលាឆាន់ ហើយភ្លេចពន្លត់វិញ ជាហេតុធ្វើឱ្យឆាបឆេះ និងបង្កឱ្យមានការខូចខាតសាលាឆាន់អស់ទាំងស្រុង រួមនិងទ្រព្យសម្បត្តិមួយចំនួនទៀត ដូចជា ស៊ីម៉ងត៍ប្រហែល១១តោន ដែក១៣តោន គោយន្ត​១គ្រឿង ព្រមទាំងរបស់របរមួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល១០០លានរៀល៕

RELATED ARTICLES