ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទីព្រឹក កម្លាំង ផ្នែកជំនាញនៃអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌបឹងកេងកង បានឃាត់ ខ្លួនជនសង្ស័យម្នាក់ពីបទលួច បន្ទាប់ពីជននេះធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ត និងរក្សា ទុកនូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ នៅចំណុច មុខផ្ទះលេខ អេស១៣ ផ្លូវស៊ីលវ័រ ក្រុម៣៤ (ខ) ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះ កែវ ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្ទះលេខ១២៦ ភូមិ៣ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរសន្តិសុខឯកជន (ប្រើប្រាស់គ្រឿងញៀន)។ ចំណែកជនរងគ្រោះឈ្មោះតាំង រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខអេស១៣ ផ្លូវស៊ីលវ័រ ក្រុម៣៤ (ខ) ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរលក់ដូរ។

ប្រភពបន្តថា ពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូចំនួន១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីស្មាស់រ៉េវូ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1B-2682, ក្រាមសថ្លាចំនួន២កញ្ចប់តូច (សង្ស័យជាថ្នាំញៀន), កញ្ចក់រថយន្តចំហៀង សម្រាប់មើលក្រោយចំនួន២, ឧបករណ៍ សម្រាប់ជក់ថ្នាំញៀន, កូនសោជ្រុងនិងកូនសោមានមាត់ មួយចំនួនទៀត។
ចំពោះ កញ្ចក់រថយន្តចំហៀងសម្រាប់មើលក្រោយ ចំនួន២ ជារបស់ជនរងគ្រោះ សមត្ថកិច្ចប្រគល់ ឱ្យជនរងគ្រោះវិញតាមការស្នើសុំ និងដោយមានការឯកភាពពីលោកសឿន មុនីរ័ត្ន ព្រះរាជ អាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចដដែលឱ្យដឹងដែរថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២ និង៤៥នាទីរំលងអធ្រាត្រ ជនសង្ស័យបានធ្វើសកម្មភាពលួចគាស់យកកញ្ចក់រថយន្ត ម៉ាក ឡិចស៊ីស GS៣០០ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AO-2852 ដែលចតនៅចំណុចមុខផ្ទះលេខ អេស១៣ ផ្លូវស៊ីលវ័រ ក្រុម៣៤ (ខ) ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានសម្រេច រួចគេចខ្លួន។

លុះដល់ម៉ោង៧និង៣០នាទីព្រឹកថ្ងៃដដែល ទើបជនរងគ្រោះដឹងថា កញ្ចក់រថយន្តទាំងសងខាងបាត់ ក៏បានឆែកកាមេរ៉ាសុវត្ថិភាព ឃើញនិងស្គាល់ជនសង្ស័យដែលជាសន្តិសុខយាមនៅមុខធនាគារកម្ពុជា។ ពេលជនសង្ស័យចូលមកធ្វើការ ជនរងគ្រោះក៏បានឃាត់ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក តែម្តង។
ក្រោយឃាត់ខ្លួន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ បឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវីធី៕