សុខ ពិសី ក៏ដូចជាតារាផ្សេងៗទៀតដែរ ដោយបាត់បង់ការច្រៀងសម្ដែង Concerts នៅតាមបណ្ដាខេត្តទាំងស្រុងតែម្ដង ព្រោះតែកូវីដ-១៩ ទើបធ្វើឲ្យនាងប្រឈមភាពស្ងប់ស្ងាត់បន្ដិច ខណៈដែលការច្រៀងនៅតាមបណ្ដាស្ថានីយទូរទស្សន៍ ក៏គេមិនសូវឃើញពិសី ឡើងឆាកញឹកញាប់ដូចតារាផ្សេងទៀតដែរ។

ទោះជាយ៉ាងណា តារាសាច់សខ្ចីរបស់សាន់ដេ រូបនេះ មិនយកពេលវេលាដែលទំនេរពីការងារសិល្បៈនោះ ទុកដោយឥតប្រយោនជន៍នោះទេ ព្រោះតែគេឃើញស្រីស្អាតកាន់តែសម្រុកទៅលើការរកស៊ីលក់ផលិតផល Collagen តាម Online ដែលពង្រឹងខ្លាំងមុន ហើយនាងថែមទាំងចេញមុខ Live ផ្ទាល់ទៀតផង។

ការងាកទៅធ្វើជំនួញនេះ ធ្វើឲ្យពិសី នៅតែមមាញឹកខ្លាំង ហើយគីឡូនាងក៏ស្រកចុះជាងមុនឆ្ងាយដែរ ពោលគឺរាងស្វែលតូចច្រឡឹងតែម្ដង ដែលធ្វើឲ្យអតិថិជនរបស់នាងកាន់តែចាប់អារម្មណ៍លើរូបសម្រស់ពិសី ជាងមុនទៀត។

ប៉ុន្ដែបើក្រឡេកមើលរឿងស្នេហារបស់ពិសី វិញ ទោះជានាងបានប៉ះស្នេហ៍ដ៏រសើបជាមួយថៅកែផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន ជាច្រើនឆ្នាំទៅហើយក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ ដំណឹងរៀបការនៅតែស្ងាត់សូន្យឈឹងតែម្ដង ស្របពេលដែលហ្វេន ហ្វេន របស់នាង ចង់ឃើញតារាសាច់ស្អាតរូបនេះ គ្រងឈុតកូនក្រមុំមែនទែន តែបានត្រឹមខកចិត្ត។

សុខ ពិសី ធ្លាប់បញ្ចេញសារថា នាងពិតជាមិនងាយស្រួយឡើយក្នុងការគេចការចូលរោងការនេះ ព្រោះតែកន្លងមកឪពុករបស់នាង លោកសុខ ហេង ចង់ឲ្យនាងរៀបការ តែរូបនាងមិនទាន់ចង់ទេ។ នាងនៅតែអះអាងថា ចង់ពង្រឹងអាជីពសិល្បៈ និងការរកស៊ីឲ្យរលូនជាងនេះសិន ទើបគិតគូររឿងគូស្រករតាមក្រោយ។

ពិសី បញ្ជាក់ថា ឃើញមិត្តភក្ដិរៀបការ មានតែត្រេកអរជំនួសគេ ខណៈដែលរូបនាងវិញ មិនអាចនិយាយទុកមុនថា រៀបការថ្ងៃខែឆ្នាំណាបានទេ៕
