មាស សុខសោភា នឹងចេញបទចម្រៀងថ្មីៗរបស់នាងនៅផលិតកម្ម Ream នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះហើយ ខណៈដែលមុនសម្រេចចិត្តផាត់ចោលហង្សមាស និង Galaxy នោះ អតីតតារាថោន រូបនេះ ត្រូវបានថៅកែស្រីផ្ដល់សិទ្ធិឲ្យយ៉ាងពិសេស គឺច្រៀងនៅផលិតកម្មរបស់នាង Camtrax ដោយសេរី ដូចកាលនាងច្រៀងនៅថោន ដែរ។
អ្វីដែលសោភា កាន់តែមានភាពកក់ក្ដៅថែមទៀតនោះ ថៅកែស្រីបានចាប់ដៃនាងរកស៊ីធំ លក់ផលិតផលជាមួយគ្នាទៀតផង ទើបសោភា ត្រូវទៅច្រៀងផង រកស៊ីផង ក្នុងពេលតែមួយនោះ តាមរយៈការចុះកុងត្រាជាមួយទ្រនំថ្មីនេះ រយៈពេល១ឆ្នាំ គឺដូចនាងច្រៀងនៅសាន់ដេ កាលពីឆ្នាំមុនដែរ។

ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានព្រមានមាស សុខសោភា ថា ឱកាសនៃការឈរជាតារាស្រីជួរមុខរបស់នាង នៅតែពិបាកធានាសុវត្ថិភាពណាស់ បើទោះជានាងជាតារាម្នាក់ដែលច្រៀងបទស្លូវបានល្អបំផុតក្ដី។
ប៉ុន្ដែការចាកចេញពីថោន ហើយគេចចេញពីហង្សមាស និង Galaxy នោះ គឺការប្រកួតប្រជែងរបស់មាស សុខសោភា យកតំណែងតារាលំដាប់ Grade A ហាក់មិនសូវមានសង្ឃឹមខ្ពស់នោះទេ។

ថ្វីត្បិតតែមានការអះអាងពីអ្នកជំនាញសិល្បៈថា មាស សុខសោភា ហាក់បោះបង់ការប្រកួតប្រជែងយកតំណែងតារាស្រីឈានមុខគេតទៅទៀតក្ដី ប៉ុន្ដែសោភា ធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងថា នាងត្រូវបានគេទុកចិត្តថា ទៅច្រៀងនៅទីណាល្បីនៅទីនោះ ហើយរឿងនេះនាងបានធ្វើរួចជាស្រេចទៅហើយ។
សោភា បញ្ជាក់ថា សម័យនេះទៅហើយ ទោះជាមិនចូលផលិតកម្មធំ ក៏គេអាចធ្វើបទចម្រៀងពីខាងក្រៅ ល្បីដោយខ្លួនឯងបានដែរ។ នាងទទួលស្គាល់ថា ការទៅច្រៀងនៅផលិតកម្មថ្មីនោះ គឺពិតជាទៅច្រៀងផង រកស៊ីផងមែន។

មាស សុខសោភា សារភាពថា នាងមិនចង់បិទផលិតកម្មផ្ទាល់ខ្លួន Camtrax កណ្ដាលទីនោះទេ ព្រោះខំប្រឹងប្រែងធ្វើបទចម្រៀងជាយូរខែមកហើយ។ នាងថា ចង់ទៅច្រៀងនៅផលិតកម្មថ្មីមួយ ដែលថៅកែបើកសិទ្ធិឲ្យនាងពេញលេញដូចកាលច្រៀងនៅថោន ដែរ ពោលគឺនាងនៅតែធ្វើបទចម្រៀងនៅផលិតកម្មផ្ទាល់ខ្លួន ដែលគ្រប់គ្រងដោយបងប្រុសរបស់នាង លោកមាស សុខរតនៈ និងស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា ដំណើរការធម្មតា។

ប៉ុន្ដែគេជឿថា ទ្រនំថ្មីដែលមាស សុខសោភា នឹងទៅឈរជើងនោះ នាងនៅតែមិនអាចមានដៃគូចម្រៀងប្រុស ដែលស័ក្តិសមជាមួយសមត្ថភាពរបស់នាងដដែល ក្រោយពីនាងបានផាត់ចោលកំពូលតារាចម្រៀងព្រាប សុវត្ថិ របស់ Galaxy និងលោកខេម ប៊ុនថៃ របស់ហង្សមាស នោះ បើទោះជាលេចឮថា នាយពែកមី និងនាយគ្រឿន ចង់ទៅរួមរស់ជាមួយផលិតកម្មថ្មី ជាមួយមាស សុខសោភា ដោយចាប់ដៃគ្នាក្ដី។ឮ
អ្នកនិពន្ធបទភ្លេង (Composer) របស់ផលិតកម្មរស្មីហង្សមាស ម្នាក់ បាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថា រយៈពេល១ឆ្នាំដែលមាស សុខសោភា ចុះកុងត្រាជាមួយផលិតកម្ម Ream នោះ មិនយូរទេ ប៉ុន្ដែអ្វីដែលលោកមិនយល់ថា ហេតុអីបានជាមាស សុខសោភា ដែលជាតារាជើងខ្លាំងម្នាក់មិនទៅចូលហង្សមាស ឬ Galaxy ព្រោះថាពេលនេះឱកាសនាងមកដល់ហើយ។

អ្នកជំនាញសិល្បៈរូបនោះ បញ្ជាក់ថា បើសិនមាស សុខសោភា ចូលហង្សមាស នាងច្រៀងដៃគូជាមួយខេមរៈ សិរីមន្ដ ក៏ធ្វើឲ្យនាងកាន់តែខ្លាំងស្ទុះទៅមុខទៀតដែរ។ ប៉ុន្ដែបើចូល Galaxy ចាប់ដៃជាមួយព្រាប សុវត្ថិ នាងឡើងវ៉ាដាច់គេអស់ក្នុងចំណោមតារាចម្រៀងស្រីជួរមុខ តែសោភា បែរជាមើលរំលងដោយចង់ទៅលក់ផលិតផលទៅវិញ។

អ្នកជំនាញសិល្បៈរូបនោះ បន្ថែមថា មិនយល់ពីការសម្រេចចិត្តរបស់សោភា ទេ ប៉ុន្ដែគិតមកដល់ឆ្នាំ២០២០នេះ លោកនៅតែយល់ថា គ្មានតារាចម្រៀងស្រីណានៅយុគសម័យថ្មីនេះ ច្រៀងបទស្លូវខ្លាំងជាងមាស សុខសោភា ឡើយ។

ប៉ុន្ដែនៅពេលដែលអ្នកយកព័ត៌មានយើងសួរថា តើលោកគិតថា មាស សុខសោភា នៅតែល្បី និងខ្លាំង នៅ Ream ទៀតឬអត់នោះ? លោកគ្រូភ្លេងរូបនោះថា មិនអាចនិយាយមុន ពេលឃើញបទចម្រៀងសោភា ចេញបើកឆាកនោះទេ តែកន្លងមកលោកធ្លាប់ឮថា ផលិតកម្មនោះមានតែកាមេរ៉ាថ្លៃៗប៉ុណ្ណោះ៕ ហ៊ឹម វិចិត្រ