អតីតតារាចម្រៀងនិងសម្ដែង វ៉ាឌី ភាលីង បានបញ្ចេញសារថា ពេលនេះចំណងស្នេហានាងជាមួយអ្នកជំនួញវ័យក្មេង មានរយៈពេល៦ឆ្នាំទៅហើយ ប៉ុន្ដែនាងមិនអាចរៀបរាប់ធ្វើអត្ថាធិប្បាយអស់នូវកម្រងអនុស្សាវរីយ៍នាពេលកន្លងមកឡើយព្រោះនាងមិនសូវចេះនិយាយច្រើន។

ទោះជាយ៉ាងណា ភាលីង បានសរសើរចំពោះគូស្នេហ៍របស់នាងដែលផ្ដល់ក្ដីស្រលាញ់ឲ្យនាង ៧២ខែឬ២១៩០ថ្ងៃមកនេះ ដោយគ្មានការប្រែប្រួលឡើយ។ ប៉ុន្ដែក្រៅពីបង្ហាញនូវក្ដីសុខក្នុងជីវិត តាមរយៈការមានផ្ទះវីឡាក្នុងក្ដីស្រម៉ៃ និងមានរថយន្ដទំនើបៗជិះ មិនចាញ់សេដ្ឋិនី ដូចជា Rolls-Royce, Lexus LX570, Range Rover និង Alphard ជាដើមនោះ ភាលីង ដែលត្រូវបានគេមើលឃើញថា នាងកំពុងរស់នៅយ៉ាងមានសុភមង្គលនោះ មិនបានបង្ហាញសញ្ញានៃការចូលរោងការឆាប់ៗ ឬនឹងធ្វើកូនក្រមុំនៅពេលណាឡើយ។

ភាលីង ធ្លាប់ប្រាប់ថា ការចុះអេតាស៊ីវិលក៏មិនទាន់បានធ្វើដែរ ព្រោះតែនាងនិងគូស្នេហ៍មានទំនុកចិត្តលើគ្នាទាំងសងខាង។

វ៉ាឌី ភាលីង ថានាងគ្មានបំណងវិលមករកអាជីពចាស់នោះទេ ព្រោះពេលនេះនាងផ្ដោតលើការរកស៊ីលក់គ្រឿងអលង្ការមកពីថៃ នឹងត្រៀមរកស៊ីផ្នែកគ្រឿងសម្អាង នាពេលខាងមុខនេះដែរ។

តាមរយៈការបង្ហាញជីវិតបែបស៊ីវិល័យរបស់អតីតារារូបនេះ ធ្វើឲ្យអ្នកសិល្បៈនិងមហាជនបានសរសើរនាងដែលជួបគូស្នេហ៍ ជាបុរសផ្ដល់អ្វីៗគ្រប់យ៉ាងដល់នាង។ ប៉ុន្ដែតាំងពីចាកចេញពីអាជីពសិល្បៈជាង៥ឆ្នាំនេះ គេមិនដែលឃើញភាលីង លេចមុខតាមបណ្ដាកម្មវិធីអ្នកសិល្បៈមួយចំនួននោះទេ។

ភាលីង ប្រាប់ថា ដោយសារតែរវល់រកស៊ី នាងក៏មិនដែលតាមដានសកម្មភាពតារាឡើងច្រៀងតាមឆាក និងសម្ដែងភាពយន្ដដែរ ។ តែចិត្តនាងនៅតែស្រលាញ់អាជីពសិល្បៈ គ្រាន់តែមិនអាចវិលទៅប្រឡូកដូចដើមទេ ព្រោះពេលនេះនាងមានមុខរបរផ្ទាល់ខ្លួនដែលដកឃ្លាមិនរួច។ នាងថា អាជីវកម្មរបស់នាងកាក់កបគួរសម ហើយនៅពេលខាងមុខនេះ នាងត្រៀមធ្វើពិធីសម្ពោធហាងរក្សាសម្រស់ផ្ទាល់ខ្លួនមួយផងដែរ៕

