ខេត្តកំពង់ស្ពឺ ៖ ក្មេងស្ទាវឈាមរាវម្នាក់ដែលដាក់រហស្សនាមខ្លួនឯងថា “អធិការគ្រឿន” ហើយអ្នកភូមិស្គាល់និងតែងហៅវាថា «អាគ្រឿន» រួមនិងបក្ខពួកម្នាក់ទៀត ដែលតែងដើរបង្ករឿងអុកឡុកនៅតាមកម្មវិធីបុណ្យទាន មង្គលការនានាក្នុងភូមិ ព្រមទាំងធ្លាប់វាយគ្នាបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់កន្លងមក ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់វាយខ្នោះ បញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ។

ការចាប់ខ្លួនក្មេងទំនើងប្រចាំភូមិខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃវែង ឃុំប្រាំបីមុំ ស្រុកថ្ពង។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកាសាលាដំបូងខេត្តកំពង់ស្ពឺ នោះ ទី១- ឈ្មោះក្រេម គ្រឿន អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិព្រៃវែង ឃុំប្រាំបីមុំ ស្រុកថ្ពង។ ជននេះ បានប្រើរហស្សនាមខ្លួនឯង “អធិការគ្រឿន” និងទី២- ឈ្មោះរុន ជីវ៉ា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិព្រៃវែង ឃុំប្រាំបីមុំ ស្រុកថ្ពង (ជាបក្ខពួក)។

តាមប្រភពពីសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យឈ្មោះក្រេម គ្រឿន រហស្សនាម “អធិការគ្រឿន” និងបក្ខពួក ឈ្មោះរ៉ុន ជីវ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់លោកអ៊ី សាវិញ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង២នាក់ខាងលើ ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

តុលាការយល់ឃើញថា ជនត្រូវចោទទាំង២នាក់ ប្រព្រឹត្តបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ ដែលអាចនឹងគេចខ្លួនចេញពីលំនៅឋាន ឬអាចចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះ ទើបតុលាការចេញដីកាចាប់ខ្លួនជនត្រូវចោទទាំង២នាក់តែម្តង ។
តាមប្រភពពីសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះក្រេម គ្រឿន រហស្សនាម “អធិការគ្រឿន” រួមនិងបក្ខពួក គឺជាសមាសភាពក្មេងទំនើងប្រចាំភូមិព្រៃវែង និងជាក្រុមដែលល្បីខាងប្រើអំពើហិង្សានៅតាមពិធីមង្គលការ ឬបុណ្យទានផ្សេងៗ ពោលគឺឱ្យតែកន្លែងណាមានការចាក់ធុងបាស់រាំលេងកម្សាន្ត តែងមានមុខក្រុមក្មេងទំនើងខាងលើ ចូលទៅបង្ករឿងអុកឡុក ផ្ទុះជាហិង្សាមិនខានឡ៉ើយ។

បន្ទាប់ពីការឃាត់ខ្លួន បញ្ជូនទៅតុលាការ នៅពេលនេះ តុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ លើជនត្រូវចោទទាំង២នាក់ នោះហើយ៕