ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមបាននាំគ្នាបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យប្រសេចប្រសាច ពេញផ្លូវ ចៃដន្យជួបនឹងកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌ កំពុងល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ក៏ប្រដេញតាមឃាត់ខ្លួនបាន៧នាក់ និងម៉ូតូ៣គ្រឿង នាំមកអធិការដ្ឋានខណ្ឌ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ៦០ម៉ែត្រ ទល់មុខការដ្ឋានសំណង់អគារខ្ពស់របស់ក្រុមហ៊ុនចិន ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ក្រុមក្មេងទំនើងចំនួន៧នាក់ ដែលនាំគ្នាបង្ហោះម៉ូតូ ហើយត្រូវឃាត់ខ្លួននោះ សមត្ថកិច្ច មិនបានឱ្យដឹងឈ្មោះ គ្រាន់តែដឹងថា ពួកគេមានអាយុទើបតែ១៤ ទៅ១៥ ឬ១៦ឆ្នាំ តែ ប៉ុណ្ណោះ។

តាមសម្តីលោកអនុសេនីយ៍ឯក ភក្តី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេសខណ្ឌមានជ័យ បានប្រាប់ថា នៅមុនពេលឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូខាងលើនេះ គឺមានបទបញ្ជាពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ទើបកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយរូបលោកដែលជាប្រធានក្រុមផ្ទាល់ បានចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ក៏ប្រទះឃើញក្មេងទំនើងមួយក្រុមកំពុងបង្ហោះម៉ូតូតាមបណ្តោយផ្លូវ៦០ម៉ែត្រ យ៉ាងអនាធិបតេយ្យ ក៏បានប្រដេញតាមភ្លាម។

លោកបន្តថា យើងស្ទាក់នៅចំណុចខាងលើ ដោយឃាត់បានក្មេងទំនើងចំនួន៧នាក់ និងម៉ូតូចំនួន៣គ្រឿង ហើយបាននាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរ។ ក្រោយពេលសាកសួររួច ពួកគេបានប្រាប់ថា ពួកគេគ្រាន់តែរៀនបង្ហោះម៉ូតូប៉ុណ្ណោះ គឺទើបតែបង្ហោះបាន២-៣ដងប៉ុណ្ណោះ ស្រាប់តែសមត្ថកិច្ចបានមកឃាត់ខ្លួនតែម្តង។

ក្មេងទំនើងទាំង៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំ ហើយបាន ឱ្យអាណាព្យាបាលមកធានាយកទៅផ្ទះវិញ ដើម្បីអប់រំណែនាំបន្ត ព្រោះក្មេងខាងលើសុទ្ធ តែមានអាយុត្រឹមតែពី១៤ទៅ១៦ឆ្នាំប៉ុណ្ណោះ។ ចំណែកម៉ូតូត្រូវបានរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ រយៈពេលពីរទៅបីថ្ងៃសិន ទើបឱ្យម្ចាស់យកឯកសារមកបញ្ជាក់ ហើយប្រគល់ឱ្យយកទៅប្រើប្រាស់វិញ៕