ភ្នំពេញ ៖ ប្តីប្រពន្ធពីរនាក់ជាអ្នករកស៊ីទិញលក់បន្លែ ខណៈចុះពីរថយន្តរង់ចាំទិញបន្លែយកទៅលក់ ក៏ត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់យកកាបូបស្ពាយ អស់លុយខ្មែរនិងដុល្លារ ប្រមាណជិត១ម៉ឺនដុល្លារ កាលពីវេលាម៉ោង២និង២០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅផ្លូវលេខ៣៧៤ ម្តុំផ្សារដើមគ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះសុខ បណ្តាំ ភេទស្រី និងប្តី (មិនបានប្រាប់ឱ្យស្គាល់អត្តសញ្ញាណ) រស់នៅក្នុងខេត្តកំពង់ស្ពឺ។ ចំណែកសម្ភារៈដែលបាត់បង់ ក្នុងកាបូបដែលត្រូវចោរឆក់យកទៅបាត់នោះ មានលុយខ្មែរជាង៣លានរៀល និងលុយដុល្លារ អាមេរិក ចំនួនជាង៥០០០ដុល្លារ។
ស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ជាមួយនឹងប្តី បានបើករថយន្ត ចេញពីខេត្តកំពង់ស្ពឺ មកផ្សារដើមគ ដូចសព្វដង ដើម្បីទិញបន្លែយកទៅលក់បន្តនៅឯខេត្ត។ លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់រថយន្តអែបចិញ្ចើមផ្លូវ រង់ចាំម៉ូយយកបន្លែមកឱ្យ ដោយប្តីបានដេកក្នុងរថយន្ត។

ចំណែកគាត់ចុះពីលើរថយន្តឈរលើផ្លូវ ពេលនោះក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីម មួយគ្រឿង ក្រឡឹងមួយជុំខ្លួនគាត់ ហើយជនសង្ស័យរូបនេះបានបត់ត្រឡប់ក្រោយវិញ ក៏ធ្វើសកម្មភាពឆក់យកកាបូបស្ពាយជាប់នឹងខ្លួនរបស់គាត់ យកទៅបាត់តែម្តង ទោះជាគាត់ ខំស្រែកឆោឡោបង្កការភ្ញាក់ផ្អើលយ៉ាងណាក៏ដោយ។
លុះពេលប្រហែលជាកន្លះម៉ោងក្រោយមក ឮដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅសាកសួរ និងឱ្យដាក់ពាក្យបណ្តឹងនៅកណ្តាលផ្លូវ ដោយមិនចាំបាច់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ នោះទេ ហើយគាត់ក៏មិនដឹងថា ត្រូវ ទៅរកចោរឯណាឃើញដែរ៕