ខេត្តកណ្តាល ៖ បុរសជាមេចុងភៅម្នាក់បានទទួលធ្វើម្ហូបក្នុងពិធីមង្គលការមួយ លុះយប់ឡើងមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ធ្វើឱ្យប៉ើងរោងចុងភៅធ្លាក់ប្រឡាយ ទើបបុរសជាមេចុងភៅខ្លាចប៉ើងទាំងរោងការទៀត ក៏នាំកូនចៅទៅទប់រោងការ ធ្វើឱ្យឆ្លងចរន្តឆក់ ប៉ុន្តែអ្នកផ្សេងទៀតដឹងទាន់ដកដៃចេញ រួចរស់ជីវិត នៅសល់តែមេចុងភៅ ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ឮ

ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ចោលប្រពន្ធកូននោះ មានឈ្មោះអេង អឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមេចុងភៅ មានលំនៅក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
លុះព្រឹកឡើងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបក្រុមគ្រួសារបានរាយការណ៍ជូនទៅសមត្ថកិច្ច ចុះធ្វើការពិនិត្យ។
ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕