Friday, August 15, 2025
Homeតារាខ្មែរលោកគួច ខេវិន បារម្ភការជួយកុមារីយ៉ង ស្រីនីត មិនចំគោលដៅ

លោកគួច ខេវិន បារម្ភការជួយកុមារីយ៉ង ស្រីនីត មិនចំគោលដៅ

អ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ លោកគួច ខេវិន បានបញ្ចេញយោបល់ចំពោះការដែលមានសប្បុរសជនជាច្រើន បានជួយកុមារីយ៉ង ស្រីនីត នៅខេត្តរតនគិរី បន្ទាប់ពីនាងចេញវីដេអូតាមហ្វេសប៊ុក បង្ហាញពីក្ដីប្រាថ្នាធំ២ សម្រាប់ថ្ងៃអនាគតនោះ គឺទី១. ចង់ធ្វើជាគូបង្រៀន និងទី២. ចង់ក្លាយទៅជាតារាចម្រៀងល្បីម្នាក់។

លោកគួច ខេវិន ដែលមានបទពិសោធន៍ជោគជាំក្នុងវិស័យសិល្បៈនោះ បានថ្លែងសារថា ”គ្រាដែលបានឃើញនូវទិដ្ឋភាពតាមរយៈនៃប្រព័ន្ធទំនាក់ទំនងសង្គម Facebook ,YouTube ស្ដីពីសកម្មភាពយឹតយោងប្រតោងប្រទាញជ្រោងពីមុខរុញពីក្រោយ ឲ្យពីក្រោមថែមពីលើ ទាំងលុយកាក់ ថវិកា និងផ្ដល់នូវសេចក្ដីសង្ឃឹមទុកជាមុនពីមនុស្សម្នាជាច្រើន ទាំងខ្ពស់ ទាំងទាប ទាំងអ្នកដើររាប ទាំងអ្នកដើររលាក់ ទាំងអ្នកលក់ចេញ អ្នកទិញចូល ទាំងអ្នកមានចំណូល អ្នកមានចំណេញចំពោះក្មួយស្រីយ៉ង ស្រីនីត ដែលជាកុមារីមានក្ដីប្រាថ្នាចង់ក្លាយជាគ្រូបង្រៀន និងអ្នកសិល្បៈ តទៅថ្ងៃអនាគតនោះ ខ្ញុំពិតជាកោតសរសើរអស់ពីចិត្តដោយសារតែ ខ្មែរចេះស្រលាញ់ខ្មែរ។

ប៉ុន្ដែអ្វីដែលខ្ញុំមមៃហើយបារម្ភ គឺនៅត្រង់ថា ”ការជួយមិនចំគោលដៅ” ដែលយ៉ង ស្រីនីត នាងប៉ងប្រាថ្នា ឬអាចថា ជួយដើម្បីឆក់យកប្រយោជន៍សម្រាប់ខ្លួនឯងទៅវិញ ដូចពាក្យចាស់លោកពោលថា ”បើកក្ដោងឲ្យចំពេលធ្លាក់ខ្យល់” ឬ ”វេចអន្សមទាន់មានស្លឹកចេក”។

ពីថ្នាក់ទី៥ ទៅកាន់តួនាទីជាគ្រូបង្រៀន យ៉ាងហោចណាស់ក៏ចំណាយពេលវេលា១០ឆ្នាំដែរ តែបើក្លាយទៅជាអ្នកសិល្បៈលំដាប់ស្រុកយើង គឺស្អែកក៏អាចទៅរួចដែរ ប៉ុន្ដែអាជីពសិល្បៈ គឺពិបាកជូននាងឲ្យបានទៅដល់ជាតួនាទីគ្រូបង្រៀននោះណាស់។ ខ្ញុំនិយាយលេងៗនេះ មិនមែនទុទិដ្ឋិនិយមអ្វីឡើយ ប៉ុន្ដែក្នុងគោលបំណងល្អដើម្បីពិចារណាក្នុងការ ”ជួយ”។

សូមរំលឹកថា កុមារីយ៉ង ស្រីនីត រៀនថ្នាក់ទី៥ រស់នៅខេត្តរតនគិរី​ដែលមានបងប្អូន៦នាក់ (ប្រុស១)​​ រូបនាងជាកូនច្បង។ ឪពុកនាងជាកម្មករសំណង់ ខណៈម្ដាយនាងលក់ចេកឆាប។ នាងថា មានជីវភាពលំបាក ដោយពេលខ្លះមានតែពងទា១គ្រាប់ ញាំគ្នា៧នាក់ក៏មាន។

ដោយសារតែមានរូបសម្រស់ស្អាតតាមបែបធម្មជាតិ ទើបស្រីនីត ត្រូវបានគេចាប់អារម្មណ៍ច្រើននៅលើបណ្ដាញសង្គម រហូតត្រូវបានឧកញ៉ា និងសប្បុរសជនមួយចំនួនបានជួយសម្ភារៈសិក្សា និងផ្ដល់ថវិកាដល់នាង ក្នុងនោះ មានទាំងនាយពែកមី ផងដែរ ដោយទុកនាងជាកូនចិញ្ចឹម និងសន្យាផ្គត់ផ្គង់ការសិក្សាដល់នាងទៀតផង។ឮ

ថ្មីៗនេះដែរ ស្រីនីត ត្រូវបានគេហៅថតសម្អាងការ និងឡើងច្រៀងនៅប៉ុស្ដិ៍ទូរទស្សន៍ PNN ទៀតផង។

ដោយឡែក លោកគួច ខេវិន ក្រៅពីរំភើបជំនួសយ៉ង ស្រីនីត ព្រោះទឹកចិត្តខ្មែរជួយខ្មែរ ផុសផុលនោះ លោកចង់ឲ្យសប្បុរសជនជួយកុមាររីរូបនេះ ឲ្យចំគោលដៅដែលនាងប្រាថ្នា ពិសេស គឺបំណងនាងចង់ធ្វើជាគូបង្រៀនតែម្ដង ទើបមានអ្នកសិល្បៈ និងមហាជនជាច្រើនបានចូលទៅខមិនគាំទ្រគំនិតលោកខេវិន ៕

RELATED ARTICLES