Friday, August 15, 2025
Homeព័ត៌មានជាតិយប់អាធ្រាត្រទៅហើយ គាត់ប្រឹងចេញទៅ... ទាល់តែក្រុមគ្រួសារផ្អើល

យប់អាធ្រាត្រទៅហើយ គាត់ប្រឹងចេញទៅ… ទាល់តែក្រុមគ្រួសារផ្អើល

ខេត្តស្វាយរៀង ៖ យុវជនម្នាក់បានរាយខ្សែភ្លើងចេញពីក្រោមផ្ទះដើម្បីទៅឆក់ត្រី នៅក្នុងប្រឡាយទឹកខាងមុខផ្ទះទាំងកណ្តាលអធ្រាត្រ ស្រាប់តែភ្លាត់ស្នៀតបណ្តាលឱ្យឆក់ខ្លួនឯងធ្លាក់ប្រឡាយ និងត្រូវបានក្រុមគ្រួសារព្យាយាមជួយសង្គ្រោះបឋមភ្លាមៗដែរ តែអកុសល ជនរងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចប្រឡាយទឹកខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល។

តាមប្រភពពីសមត្ថកិច្ចស្រុករំដួល បានឱ្យដឹងថា យុវជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់នោះ មានឈ្មោះប៉ាត់ នៅសា អាយុ២២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល។

តាមប្រភពពីអ្នកភូមិ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានរាយខ្សែភ្លើងចេញពីក្នុងផ្ទះទាំងយប់អធ្រាត្រ ដើម្បីដើររកសត្វនិងឆក់ត្រី ប៉ុន្តែមិនដឹងយ៉ាងម៉េច ស្រាប់តែមានការភ្ញាក់ផ្អើលពីក្រុមគ្រួសារថា កូនគាត់ត្រូវខ្សែភ្លើងឆក់ ទើបបង្កការភ្ញាក់ផ្អើលឆោឡោនាំគ្នាជួយសង្គ្រោះបឋម ដោយលើកយកជនរងគ្រោះមកកប់ក្នុងខ្សាច់ និងធ្វើចលនាដៃជើងដែរ ប៉ុន្តែអកុសលហួសពេលទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនិងគ្រូពេទ្យ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន មូលហេតុព្រោះតែខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES