ខេត្តរតនគិរី ៖ ដោយមានបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងមានការសម្របសម្រួលពីលោករ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំង នគរបាលស្រុកអូរយ៉ាដាវ បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ដោយដកហូតបានសត្វព្រៃមួយ ចំនួន។

តាមប្រភពពីសមត្ថកិច្ចដែលចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរសត្វព្រៃខាងលើ បានឱ្យដឹងថា ជនជាតិវៀតណាមទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន បុរសជាប្តី មានឈ្មោះដូ វ៉ាំងហ៊ុង អាយុ៣៨ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះយឿង យិងិន។ រីឯវត្ថុតាងដកហូតបាន រួមមាន សត្វសំពោធចំនួន៣ក្បាល សត្វកាធាយចំនួន១ក្បាល និងទូរស័ព្ទដៃ២គ្រឿង។

សមត្ថកិច្ចបានបន្តថា មុនឈានដល់ការចុះបង្ក្រាបនេះ គឺកម្លាំងសម្ងាត់បានតាមដានសកម្មភាពនេះ ជាយូរមកហើយទើបសុំយោបល់ ថ្នាក់លើបង្ក្រាបជាក់ស្តែងតែម្តង។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចដោយឡែកទៀតបង្ហើបឱ្យដឹងថា ជនជាតិវៀតណាម២នាក់ ប្តីប្រពន្ធប្រកបមុខរបរជួញដូរសត្វព្រៃខុសច្បាប់ទៅប្រទេសវៀតណាម តាមមធ្យោបាយរថយន្តផ្ទាល់ខ្លួនជាយូរណាស់មកហើយ ដោយមានសមត្ថកិច្ចខិលខូចមួយចំនួន ដែលបានទទួលផលប្រយោជន៍ជួយកាងពីក្រោយឱ្យថែមទៀតផង។

បច្ចុប្បន្ននេះ ជនជាតិវៀតណាម២នាក់ប្តីប្រពន្ធ និងវត្ថុតាងត្រូវបានមន្ត្រីនគរបាលស្រុកអូរយ៉ាដាវ ប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើ ចាត់ចែងបន្ត។ យ៉ាងណា ករណីខាងលើនេះ ត្រូវបានគេបង្ហើបឱ្យដឹងថាកំពុងមានអ្នករត់ការណ៍ខ្វែងខ្វាត់ ដើម្បីឱ្យជនជាតិវៀតណាម២នាក់ ប្តីប្រពន្ធនេះរួចពីសំណាញ់ច្បាប់ផងដែរ៕
